កំពង់ធំ៖សមត្ថកិច្ចកំពុងស្វែងរកចាប់ជនសង្ស័យម្នាក់ ដែលបានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ក្រុមគ្រួសារខាងស្រីបណ្តាលឱ្យស្លាប់២នាក់ និងអតីតប្រពន្ធបានរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៣។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្រហារចំនួន៥គ្រាប់ទៅលើក្រុមគ្រួសារខាងស្រី បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់អតីតប្រពន្ធរងរបួសធ្ងន់ធ្ងរ។ ក្រោយពីបាញ់រួចជនដៃដល់ក៏ជិះម៉ូតូគេចខ្លួនបាត់។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនដៃដល់បានប្រើកាំភ្លើងម៉ាករូឡូអូទ្រីស បាញ់ប្រហារ លើអតីតប្រពន្ធឱ្យរងរបួសធ្ងន់និងចូលដល់ក្នុងផ្ទះបាញ់បន្ថែមបណ្ដាលឱ្យបុរសម្នាក់និងស្ត្រីម្នាក់បានស្លាប់។ប្រភពបានបន្តថា ពួកគាត់មិនដឹងពីមូលហេតុអ្វីនោះទេ ដែលធ្វើឱ្យជនដៃដល់ ហ៊ានធ្វើបែបនេះ។ប៉ុន្តែខាងស្រីនិងជនដៃដល់បានលែងលះគ្នាដោយមិនទាន់ដាច់ស្រេចនៅឡើយ។
ក្រោយមានហេតុការណ៍កើតឡើងកម្លាំងសមត្ថកិច្ចខេត្ត កំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យរូបនេះដើម្បីដឹងពីមូលហេតុនៃការបាញ់សម្លាប់នេះនិងយកមកចាត់ការតាមច្បាប់៕