ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង០៣នាក់ ករណីកាប់យកស្លាកលេខម៉ូតូយុវជន០២នាក់ នៅស្រុកភ្នំព្រឹក

 

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង១០នាទី នៅចំណុចក្រុមទី២៩ភូមិ បួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកស្លាកលេខម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ម៉ូតូ និងលួចយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ១-ឈ្មោះ ចំរើន ប្រុសនុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ២-ឈ្មោះ ឃុត ដាវ៉ាត់ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ០២គ្រឿង ៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ឡើងតែមឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-6525 (ខូចខាតម៉ូតូត្រង់ក្បាល និង បែកតាប្លូ ), ២.ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1J-6225 (កាប់លួចស្លាកលេខយកទៅបាត់) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង១៥នាទី សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យបាន០៣នាក់ ១-ឈ្មោះ ពៅ សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, ២-ឈ្មោះ វ៉ាត់ សាវី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៣-ឈ្មោះ ម៉ៅ រតនៈ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា បានធ្វើសកម្មភាពកាប់ម៉ូតូ និងលួចយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើពិតប្រាកដមែន ។

វត្ថុតាងដកហូតបានរួមមាន ៖
-កាំបិតខ្វែវដងឬស្សីប្រវែង ១០៤សង់ទីម៉ែត្រ ចំនួន ០១ដើម
-កន្ទុយម៉ូតូជាប់ស្លាកលេខ បាត់ដំបង 1J-6225 ចំនួន០១
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1S-4318
-ទូរសព្ទ័ដៃចំនួន ០៤គ្រឿង ។

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *