ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តចុះត្រួតពិនិត្យ តាមដានវាយតម្លៃការងារដឹកនាំ និងជម្រុញការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៅវិទ្យាល័យ ហ៊ុនសែន បាក់ចិញ្ចៀន ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ និងសាលាបឋមសិក្សាសូភី ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសូចនាករ នៃការប្រឡងប្រណាំងការផ្តល់សេវាល្អក្នុងវិស័យអប់រំ សម្រាប់ក្របខណ្ឌខេត្តពោធិ៍សាត់។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ក៏បានចុះពិនិត្យការងារសាងសង់ អគារសិក្សា២ខ្នង មាន០៧បន្ទប់ ក្នុងនោះមានបន្ទប់សិក្សា ៦បន្ទប់ និងទីចាត់ការ ១បន្ទប់ នៃសាលាបឋមសិក្សាថ្ម៣ដុំ ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលមានការខ្វះខាត ចាស់ទ្រុឌទ្រោម ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈរូបលោក ខណៈដែលបច្ចុប្បន្នសម្រេចការស្ថាបនាសាងសង់ បានជាង៦០ភាគរយហើយ៕