កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាសមាគម ស.អ.ក និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាល និងស្វែងយល់ពីការរស់នៅរបស់បងប្អូនអតីតយុទ្ធជននោះ គឺធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម គណៈអធិបតី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទោះបីលោកទាំងទ្វេរមិនបានចុះមកផ្ទាល់។
ឯកឧត្តម គណៈអធិបតី បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូន ក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារអោយបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ។
អតីតយុទ្ធជនដែលទទួលបានមេដាយ បាននិយាយទាំងក្តីរំភើបថា “យើងខ្ញុំរីករាយខ្លាំងណាស់ ដោយបានទទួលមេដាយការពារជាតិ នាពេលនេះនិងមានចិត្តត្រេកអរក្រៃលែងដោយបានជួប ឯកឧត្តម គន់ គីម ដោយផ្ទាល់ ។យើងខ្ញុំ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ចំពោះសម្តេចតេជោ ប្រធានដែលបានចាត់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិដល់យើងខ្ញុំ”៕