Uncategorized

សេចក្តីប្រកាសប្រកាសព័ត៌មាន ស្ដីពី ការទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋរាជរដ្ឋាភិបាល ឌីជីថល( DGPS) ចំនួន៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនគ្រប់ក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន ៤ ជា ថ្នាលរបស់រាជរដ្ឋាភិបាល ដែលមានមុខងារនិងអត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖

– ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។

– ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែអ្នកដែលបង្កើត Form នីមួយៗតែប៉ុណ្ណោះ ដែលមានសោសម្ងាត់នោះ ទោះបីអ្នកបង្កើតថ្នាលនេះ ឬអ្នកគ្រប់គ្រងថ្នាលនេះ ក៏មិនអាចមើលទិន្នន័យទាំងនោះបានដែរ។

– ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬជាការជូនដំណឹងផ្សេងៗ ដែលអាចប្រើប្រាស់ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមរយៈថ្នាលនេះ អាចឱ្យសាធារណជនកត់សម្គាល់ដឹងថា សារខ្លីនេះផ្ញើចេញពីក្រសួង ស្ថាប័ន ឬវិស័យឯកជនណាមួយពិតប្រាកដ ដោយគ្មានការក្លែងបន្លំ និងមានទំនុកចិត្តខ្ពស់។

– កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA”៖
ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។

ក.ប.ទ. អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ ឡើង ដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈនិងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)។

អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។

#sarika #formgovkh #gogovkh #nomsagovkh #DGC #MPTC #GoDigitalCambodia #Cambodia
*
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *