Uncategorized

សំណង់កម្ពស់៩ជាន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទើបសាងសង់ថ្មីបាន៥០ភាគរយហើយ

 

​ភ្នំពេញៈ សំណង់​អគារ ធ្វើ​ការងារ​ថ្មី កម្ពស់​៩​ជាន់​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដំណើរការ​សាងសង់​មកដល់ពេលនេះ សម្រេចបាន​លទ្ធផល ៥០ ភាគរយ​ហើយ ។ ក្រុម​វិស្វករ និង​ជាងសំណង់ នៅតែ​បន្ត​សម្រុក សាងសង់​យ៉ាង​មមាញឹក ដើម្បី​អនុវត្ត​សម្រេច​ឱ្យបាន រួចរាល់​តាម​ផែនការ​គ្រោងទុក សម្រាប់​ឱ្យ​មន្ត្រីនគរបាល រាជធានី​ភ្នំពេញ បំពេញភារកិច្ច ផ្តល់​សេវា​សន្តិសុខ និង​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់​ល្អ​តែ​ប្រសើរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​សហការី កាលពី​ព្រឹក ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សំណង់​អគារ​ថ្មី​នេះ ដែល​បាន​ចាក់​ប្លង់​សេ ដល់​ជាន់​ទី​៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន ម៉ៅការ​សំណង់ និង​ក្រុម​វិស្វករ ដែល​ទទួល​ម៉ៅការ សាងសង់​អគារ​ថ្មី បង្កើន​ការកសាង ឱ្យបាន​លឿន ឆាប់រហ័ស រឹងមាំ ជាពិសេស​ត្រូវ​កសាង ឱ្យបាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ ដោយ​ធានា​ឱ្យបាន​គុណភាព សុវត្ថិភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា សំណង់​ការដ្ឋាន​អគារ​ថ្មី កម្ពស់​៩​ជាន់​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ កសាងឡើង ជំនួស​អគារ​ចាស់ ដែលមាន​សភាព ចាស់​ទ្រុឌទ្រោម​។ អគារ​ថ្មី​នេះ ចាប់​ផ្តើមកសាង ក្នុងអំឡុង​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ទំហំ ៤០ ម៉ែត្រ​គុណ ៥០​ម៉ែត្រ​។ បច្ចុប្បន្ន កសាង​ដល់​ដំណាក់កាល ចាក់​ប្លង់​សេ​ជា​ន់ទី​៩ នៃ​សំណង់​អគារ​។ អគារ​ថ្មី ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ គ្រោង​នឹង​កសាង​ឱ្យ​រួចរាល់ នៅ​ចុងឆ្នាំ​២០២១ ខាងមុខ ដែល​ដឹកនាំ​កសាង​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។

​ក្នុងនោះ​ក៏មាន​ការចូលរួម ពី​សប្បុរសជន​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កែប្រែ​កន្លែងធ្វើការ​ងារ របស់​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ឱ្យមាន​កន្លែង​ការងារ​ទំនើប តាម​ស្តង់ដា ស្របតាម​ភាព​រីកចម្រើន នៃ​ប្រទេសជាតិ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *