ភ្នំពេញ៖ យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវ៦០ម៉ែត្រមកដល់ចំណុចភ្លើងស្តុបAEON3 ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមបានជិះម៉ូតូមកពីក្រោយហើយបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរួចនាំគ្នាព្រួតវាយទៅលើយុវជនទាំង២នាក់នោះបណ្ដាលឱ្យរងរបួស ហេីយនាំគ្នាលេីកម៉ូតូជិះគេចខ្លួនបាត់តែម្តង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅត្រង់ចំណុចភ្លើងស្តុបAEON3 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ មានយុវជន២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1KG-7366 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ៦០ម៉ែត្រ។ស្រាប់តែមកដល់ចំណុចភ្លើងស្តុបAEON3 មានជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ យុវជនរងគ្រោះ និងបានព្រួតគ្នាវ៉ាយម្ចាស់ម៉ូតូបណ្ដាលឲ្យយុវជនរងគ្រោះរងរបួស រួចពួកក្រុមជនសង្ស័យបានលើកម៉ូតូនាំគ្នាជិះគេចខ្លួនបាត់អស់។
បន្ទាប់ពីកើតហេតុយវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមដើម្បីឱ្យសមត្ថកិច្ចក៏ចេញស្រាវជ្រាវតាមរកចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕