កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាទៅកាន់គណៈបញ្ជាការឯកភាពស្រុកទាំងអស់ ប្រសិនបើស្រុកណាបង្ក្រាបបទល្មើសនេសាទមិនអស់ទេ ស្រុកនោះត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោកអភិបាលខេត្តបានណែនាំទៀតថា សមត្ថកិច្ចចម្រុះនៅគ្រប់ស្រុកដែលដឹកនាំដោយគណៈបញ្ជាការឯកភាពស្រុកត្រូវបន្តចេញប្រតិបត្តិការជាប្រចាំ គឺត្រូវចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទ ក៏ដូចជារដូវបើកនេសាទត្រូវតែចាត់វិធានការបង្ក្រាបរាល់បទល្មើសនេសាទឲ្យអស់នៅក្នុងភូមិសាស្ត្រស្រុកនីមួយៗរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យមានបទល្មើសនេសាទបន្តកើតមាននោះឡើយ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់យ៉ាងដាច់ណាត់ថា «បទល្មើសនេសាទដែលនៅតែបន្តកើតមាននៅតាមបណ្ដាស្រុកណា គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនោះត្រូវទទួលខុសត្រូចំពោះមុខប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្រជាជនកម្ពុជាផងដែរ»។
ជាក់ស្ដែងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចម្រុះខេត្ត រួមជាមួយលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងមន្ត្រីបរិស្ថាន មន្រ្តីជំនាញជលផល កងកម្លាំងអាវុធហត្ថ និងមន្ត្រីនគរបាលសរុប២៤នាក់ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទរបាំងលប ដែលត្រូវបានគេលួចដាក់នៅលើផ្ទៃទន្លេក្នុងភូមិសាស្រ្តភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ និងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ និងនៅចំណុចវាលភក់ ស្រុកកំពង់លែង។
លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបង្ហាញលទ្ធផលថា ក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ចបានបំផ្លាញចោលនិងរុះរើរបាំងសាច់អួន១៣កន្លែង ប្រវែង៦៨០ម៉ែត្រ បង្គោលចំនួន៦០០ដើម លបលូសាច់អួនចំនួន២១មាត់ ត្រីចម្រុះចំនួន១០គីឡូក្រាម បានចាក់ព្រលែងចូលក្នុងទន្លេវិញ។
លោកនាយខណ្ឌបានបន្តថា រាល់ថ្ងៃការបង្ក្រាបបទល្មើសនេសាទបានធ្វើឡើងជារៀងរាល់ថ្ងៃ ទាំងរដូវបើក និងរដូវបិទនេសាទ៕