Uncategorized

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរ ស.អ.យ មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តកំពង់ចាម!

 

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជា ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ការទទួលភារកិច្ចថ្មីនេះ គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន និងកំពុងពុះពារសម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះឯកឧត្តមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកប
ដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក។ សមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អជាមួយរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។

បន្ថែមពីលើនេះឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ក៏បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលមានប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តកំពង់ចាមទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ផ្តល់កិច្ចសហការ សម្របសម្រួល និងកិច្ចអន្តរាគមន៍នានា ក្នុងការអនុវត្តកម្មវិធីការងារដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវនាពេលកន្លងមក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *