Uncategorized

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ÷ “ការពពោះជំនួសបានកម្រើកឡើងវិញនៅកម្ពុជា ខណៈជំនាញកំពុងតាមប្រមាញ់មេខ្លោង”

ភ្នំពេញ ៖ ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួសបានកម្រើកឡើងជាថ្មីនៅក្នុងប្រទេសកម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស។ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការប្រមាញ់តាមចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា៖ «នាពេលបច្ចុប្បន្នអំពើ ឬវិធីសាស្ត្រនៃការជួញដូរមនុស្ស របស់ជនល្មើសមានការប្រែប្រួល ដែលធ្វើឲ្យមានភាពស្មុគស្មាញ ព្រោះករណីខ្លះ ជនល្មើសនិងជនរងគ្រោះមានភាពច្រឡំគ្នា» ។
លោកស្រី បន្តថា «សម្រាប់បទល្មើសជួញដូរមនុស្សនោះ គឺភាគច្រើនកើតឡើងតាមរយៈប្រព័ន្ធអនឡាញ ហើយសម្រាប់ឆ្នាំនេះ ក៏បានឃើញនូវករណីថ្មីមួយទៀត ដែលកម្ពុជាបានបាត់ជាច្រើនឆ្នាំមកហើយនោះ គឺការពពោះជំនួស ដែលករណីនេះបង្កឡើងដោយជនបរទេស គឺពួកគេបានចាក់មេជីវិតពីក្រៅប្រទេស ហើយមកសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ហើយគោលដៅបន្តពួកគេ នឹងលក់ទារកទៅឲ្យបរទេសផ្សេងៗទៀត» ។
លោកស្រី ជូ ប៊ុនអេង បានបន្តថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅតែមានការសុំជួយអន្តរាគមន៍ពីជនមួយចំនួន។ ប៉ុន្តែប្រមាណជា ៨០ភាគរយ មិនមែនជាករណីអំពើជួញដូរមនុស្សនោះទេ ព្រោះករណីខ្លះ ពួកគេជាជនបរទេស ហើយបានចូល និងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដោយខ្លាចមានទោសទណ្ឌ ទើបបង្កើតរឿង ឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ ។
ជាមួយនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវករណីបទល្មើស អំពើជួញដូរមនុស្សបន្ថែមទៀត តាមរយៈអនុវត្តវិធានការ ឬផែនការដែលមានស្រាប់ឬស្វែងរកនូវវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការទប់ស្កាត់នូវបទល្មើសនេះ ជាមួយនឹងការបន្តកិច្ចសហប្រតិបត្តិការគ្រប់ដៃគូជាតិ និងអន្តរជាតិ រួមទាំងប្រទេសជិតខាងជាដើម ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *