(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់ ក្រសួងបានចេញបណ្ណសម្គាល់អត្ត
សញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី ប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។
លោក នេត្រ ភក្ត្រា បានថ្លែងនេះនៅអំឡុងពេលលោកបានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ។
លោក នេត្រ ភក្ត្រា បានទៀតថ្លែងថា ក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះ ជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែត ដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូច ឬធំដូចពីមុនទេ។
លោកបានថ្លែងថា ចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក QR Code ពីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំឭកថា ករណីការបោះពុម្ពដោយសាម៉ីអង្គភាពមិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។ លោករដ្ឋមន្ត្រី ក៏លើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០ ហើយអ្នកសារព័ត៌មានមានប្រមាណជិត ១ម៉ឺននាក់ ហើយគិតត្រឹមដំណាច់ខែមីនា មានអ្នកសារព័ត៌មានប្រមាណជាង ៥០០០នាក់ ដែលបានដាក់ពាក្យសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មាននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពន្លឿនការចេញបណ្ណសម្គាល់អត្តសញ្ញាណ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាជូនបងប្អូនអ្នកសារព័ត៌មាន៕