Uncategorized

បណ្ដុះបណ្ដាលជំនាញបច្ចេកទេសបំនិនជីវិត ក្រុមសីលធម៌ និងកសាងធនធានមនុស្ស

 

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៤។ ពីធីនេះមានការចូលរួមពីព្រះគ្រូព្រះពុទ្ធវិហារមុនី ពុំ ម៉ាត់ ព្រះមេគណគណៈធម្ម យុត្តិនិកាយ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានជ័យ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព នឹងប្រជាពលរដ្ឋ ជាច្រើន។

ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ព្រះគ្រូព្រះពុទ្ធវិហារមុនី ពុំ ម៉ាត់ ព្រះមេគណ គណៈធម្មយុត្តិនិកាយ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តព្រះពុទ្ធ មានជ័យ ហៅវត្តប៉ាលហាល។ក្នុងនោះមានព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធផលនានា ជាច្រើននៅក្នុងវត្តនេះ។

អភិបាលខេត្តក៏បានថ្លែងនូវអំណរគុណដល់មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាព អាជ្ញាធរក្រុង សង្កាត់ និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែង និងទ្រទ្រង់នូវដំណើរការ “មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាល” នេះឡើង ដែលបានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស បំនិនជីវិត ក្រមសីលធម៌ និងកសាងធនធានមនុស្សយ៉ាងច្រើន។

ឯកឧត្តមបន្តថា វិស័យព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា។ចៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល និងបានរក្សានូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *