ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាល បង្ក្រាបក្រុមទំនើងសរុប១៨នាក់ បង្កហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យ!

(ភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យ កាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើង សរុប១៨នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖

*ក្រុមទី១៖ រហស្សនាម «ពោធិ៍ចិនតុងគីឡូស៊ីន» ចំនួន១៤នាក់
*ក្រុមទី២៖ រហស្សនាម «ផ្ទះឡ» ចំនួន០៤នាក់។ ក្រុមក្មេងទំនើងទាំង២ក្រុមនេះ បានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក លើផ្លូវសាធារណៈដោយប្រើ (ដំបង កាំបិត ផ្គាក់ ដុំថ្ម) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទីទាបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល២៥នាក់ (ធ្លាប់ធ្វើសកម្មភាពកាប់គ្នា១លើក នៅក្រោយសណ្ឋាគារ យូអេងផ្លូវសហព័ន្ធរុស្សីក្នុងកំឡុង (ខែកញ្ញា) ដោយឃាត់ខ្លួនបានចំនួន១៤នាក់ ហើយ នៅសេសល់មួយចំនួនទៀតកំពុងគេចខ្លួន។

ដោយយឡែកក្រុមទី២ មានឈ្មោះ «ផ្ទះឡ» មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន២លើក ដោយឃាត់ខ្លួនបានចំនួន៤នាក់។ នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។

របាយការណ៍បានបន្តថា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុមៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឲ្យក្រុមទី២ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏មានការស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមករត់ប្រសេកប្រសាចពេញផ្លូវតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *