Uncategorized

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញចាត់វិធានការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ដ្រីជំនាញ ត្រូវរួមគ្នាចាត់វិធានការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់។ ការដាក់ចេញចំណាត់ការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្ត បានដាក់ចេញនូវផែនការអនុវត្តយុទ្ធនាការមួយសប្ដាហ៍ ក្នុងត្រួតពិនិត្យសេវាសុខាភិបាលឯកជន ក្នុងភូមិសាស្រ្តខេត្តកំពង់ចាមដោយកំណត់យល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងចេញលិខិតជូនដំណឹងស្តីពីការណែនាំឲ្យម្ចាស់សេវាសុខាភិបាល ទាំង១,២១៤កន្លែង ដើម្បីធ្វើការផ្ទៀងផ្ទាត់ឯកសារច្បាប់នៅតាមមូលខ្លូន និងវិធានការបន្តដល់ថ្ងៃទី១៥ និងត្រូវបិទបញ្ចប់យុទ្ធនាការនោះ។

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរសុខាភិបាល ត្រូវពង្រឹងការត្រួតពិនិត្យ ទីតាំងការបើកលក់ឱសថ និងសេវាសុខាភិបាលផ្សេងៗ ឲ្យស្របតាមគោលការណ៍ច្បាប់ ត្រូវសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងឱសថស្ថាន និងសេវាសុខភាពផ្សេងៗ ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ និងបំបាត់ឱសថក្លែងក្លាយ ហើយរាយការណ៍ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញទីតាំងណាមួយខុសច្បាប់ត្រូវចាត់ចែងតាមនីតិវិធី។

ជាមួយគ្នានេះ សេវាសុខាភិបាលឯកជនទាំងឡាយណា ដែលហួសសុពលភាពច្បាប់អនុញ្ញាត ត្រូវផ្អាករហូតដល់មានលិខិតអនុញ្ញាតបន្តសុពលភាព សេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនមានលិខិតអនុញ្ញាត នឹងត្រូវបិទសេវាជាស្ថាពរតាមនីតិវិធី។ ក្រោយផ្ទៀងផ្ទាត់លិខិតអនុញ្ញាតរួច សេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនមកផ្ទៀងផ្ទាត់ឯកសារ គឺជាគោលដៅអាទិភាពទី១ សម្រាប់ការចុះពិនិត្យផ្ទាល់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាព នៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនដាក់ក្នុងរបាយការណ៍ រៀងរាល់ត្រីមាស ឲ្យបានទៀងទាត់ និងច្បាស់លាស់ ដើម្បីបូកសរុបរបាយការណ៍ជូនក្រសួងសុខាភិបាល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *