ភ្នំពេញ៖ សង្គមស៊ីវិលចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជាទៅប្រទេសចិន ជាឱកាសមាស កំណត់ទិសដៅថ្មី ក្រោយពីទទួលបាននូវសមិទ្ធផលពេញ១ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់គណបក្សកុម្មុយនីស្តចិន។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានប្រាប់ នៅថ្ងៃទី២ ខែធ្នូ ថា «ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំបាទយល់ថា ក្រោយពីទទួលបាននូវសមិទ្ធផលពេញ១ឆ្នាំ២០២៤នៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ដំណើរទស្សនកិច្ចនេះជាឱកាសមាសដែលថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចរបស់ប្រទេសយើងទាំងពីរបានជួបពិភាក្សាគ្នាដើម្បីកំណត់ទិសដៅសម្រាប់ឆ្នាំថ្មី២០២៥ និងផែនការរយៈពេលវែងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសយើងទាំងពីរស្របពេលដែលប្រទេសយើងទាំងពីរបាននិងកំពុងបង្កើនការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីដែលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់»។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម ប្រធានរដ្ឋចិន, ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងឯកឧត្តម ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។
សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង មន្ត្រីថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល មួយចំនួនទៀត៕