Uncategorized

សមត្ថកិច្ចបញ្ជូនខ្លួនស្មៀនឃុំម្នាក់ទៅចៅក្រមស៊ើបសួរតាមបណ្ដឹងរបស់ពលរដ្ឋ

 

​កំពង់ស្ពឺ​៖ លោក ហ៊ុយ សេង ជា​មន្ត្រី​ស្មៀនឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបាន​កម្លាំង​សមត្ថកិច្ចបានបញ្ជូន មកកាន់​សាលាដំបូង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ តាម​ពាក្យបណ្តឹង​របស់ ប្រជាពលរដ្ឋ ក្នុង​ឃុំ​ព្រះ​ស្រែ​ទាំងមូល ពីបទ​បរិហាកេរ្តិ៍ ជា​សាធារណៈ ។បើទោះបី លោក ស្មៀនឃុំ​រូបនេះ បាន​បោះ​ពាក្យសម្ដី​ថា រូបគេ មាន​លុយ​ចាយ មិន​អស់​ក៏ដោយ ។​

​លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បានសម្រេច​ចោទប្រកាន់ លើ​ជន​ត្រូវ​ចោទ ឈ្មោះ ហ៊ុយ សេង ជា​មន្ត្រី​ស្មៀនឃុំ​ព្រះ​ស្រែ នៃ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ បរិហារ បង្កាច់​កេរ្ដិ៍ យោងតាម​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​សំណុំរឿង ទៅ​ឱ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ហើយ​។​

​សូមជម្រាបថា ជន​ត្រូវ​ចោទ ឈ្មោះ ហ៊ុយ សេង ដែល​ធ្លាប់​ប្រកាសប្រាប់​ពលរដ្ឋ​ក្នុងស្រុក ភូមិ​ថា ខ្លួន​ជា​អ្នកមាន​លុយ រាប់មិនអស់ ត្រូវបាន​ពលរដ្ឋ ប្ដឹងទៅ​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ពីបទ បរិហារ បង្កាច់​កេរ្តិ៍​ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ​។ ស្មៀនឃុំ​ព្រះ​ស្រែ ដែល​សម្បូរ​រឿងអាស្រូវ រូបនេះ ក៏​ធ្លាប់​ត្រូវ​ពលរដ្ឋ​ប្ដឹង ទៅកាន់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ កាលពី​អំឡុង​ឆ្នាំ​២០១៧ កន្លងទៅ ពាក់ព័ន្ធ​ករណី ធ្វើ​របង​បេតុង និង​ចាក់ដី រំលោភ​យក​ដី​អូរ​សាធារណៈ​។
ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ ពុំទាន់​ឃើញ​មាន អាជ្ញាធរ​ជំនាញ ថ្នាក់លើ​ណា ហ៊ាន​ចេញ​មុខមក​ដោះស្រាយ ឬ​ឱ្យ​មន្ត្រី​ស្មៀន ដែលមាន​លុយ រាប់មិនអស់​រូបនេះ វាយរបង​បេតុង​នោះ ចេញ​នៅឡើយ​ទេ។ គឺ​បានត្រឹមតែ​ចុះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ជូន​ថ្នាក់លើ​ថា ពិតជា​មានការ​រំលោភ យក​ដី​អូរ​ប្រាកដ​មែន​។ ជាមួយគ្នា​នោះ ក៏​ពុំមាន​ឃើញ​មន្ត្រី​ថ្នាក់លើ​ណា ហ៊ាន​ប៉ះពាល់ ឬ​ដាក់ពិន័យ​រដ្ឋបាល ចំពោះ​ស្មៀន​រូបនេះ​ឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *