(ភ្នំពេញ) ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានចាត់ឯកឧត្តម ឯក ក្រិត្យ រដ្ឋលេខាធិការជាតំណាងឱ្យអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា នាពេលកន្លងមកនេះកងពលតូចលេខ៧០ បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានាដូចជា បទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាពសង្គម បំផ្លិចបំផ្លាញ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា។ ជាមួយគ្នានេះកងពលតូចលេខ៧០ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជាផងដែរ៕