ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យសិក្សាបន្ថែមពីចរាចរណ៍គ្រឿងញៀនដែលកើនឡើង ខណ:មន្ត្រីជំនាញបង្ក្រាបកាន់តែច្រើន

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធសិក្សាបន្ថែមទៀតពីបទល្មើសគ្រឿងញៀន ដែលហាក់ដូចជាមានចរាចរណ៍កើនឡើង ខណៈមន្ត្រីជំនាញបង្ក្រាប បានកាន់តែច្រើននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ការបញ្ជាក់ពីការសិក្សាបន្ថែម ចំពោះការចរាចរណ៍គ្រឿងញៀន ពីប្រទេសជិនខាងមកកាន់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញរបស់កម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបការនាំចូលចែកចាយ និងចាប់ខ្លួនមេក្លោងគ្រឿងញៀន ព្រមទាំងទាំងដកហូតបានវត្ថុតាងល្មើសកាន់តែច្រើនឡើងជាលំដាប់ ព្រមទាំងបានបញ្ជូនក្រុមឧក្រិដ្ឋជនទាំងនោះដាក់ក្នុងពន្ធនាគារជាដើម។

នៅខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន៦៩៨ករណី ដោយឃាត់ខ្លួនមនុស្ស ១,៧២២នាក់។ ក្នុងចំណោមជនសង្ស័យ ដែលឃាត់ខ្លួនទាំង១,៧២២នាក់នេះ មានស្រីចំនួន៧៧នាក់។

ការលើកឡើងបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង ជាប្រធានក្រុមលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សង្កេតឃើញថា គ្រឿងញៀនហាក់ដូចជាមានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ប៉ុន្តែចរាចរណ៍កាន់តែច្រើន ឥឡូវនេះយើងនឹងបន្តសិក្សាបន្ថែមទៀត ថាតើមូលហេតុអីខ្លះ ខណៈប៉ុន្មានថ្ងៃមុននេះ គឺចាប់បានជិត៤០០គីឡូក្រាម ដែលក្រុមឈ្មួញយកទៅលាក់នៅក្បែរកោះពូលូវៃ»

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា សម្រាប់ថ្នាំញៀន ៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹក ប្រទះឃើញក្បែរកោះពូលូវៃ ពេលកំពុងល្បាតនោះ គឺមិនមែនសម្រាប់ចែកចាយនៅក្នុងប្រទេសកម្ពុជាទាំងអស់នោះទេ គឺក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះនឹងបែងបែកទៅតាមបណ្តាប្រទេសមួយចំនួនទៀតដូចជា៖ វៀតណាម, ថៃ, ព្រមទាំងទៅប្រទេសអូស្ត្រាលី ជាដើម។ល។ តាមផ្លូវសមុទ្រ។

សម្តេចក្រឡាហោម ស ខេង បានចាត់ទុកបទល្មើសគ្រឿងញៀន គឺជាគ្រោះថ្នាក់មួយយ៉ាងខ្លាំង ប្រសិនបើមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មិននាំគ្នាប្តេជ្ញាបង្ក្រាបបទល្មើសគ្រឿងញៀននេះ ឱ្យកាន់តែមានប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមគោលដៅរៀងៗខ្លួន។

សូមបញ្ជាក់ថា ថ្នាំញៀនប្រភេទ Ketamine ចំនួនប្រមាណជា៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹក នៅការពារកោះពូលូវៃ ប្រទះឃើញក្បែរកោះ ពេលកំពុងល្បាត កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ដែលខាងកងទ័ពសន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកផ្លុងចោល។ បន្ទាប់ពីបានប្រទះឃើញហើយនោះ យោធាបានប្រមូលយក មកប្រគល់មកកម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដើម្បីចាត់ការបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *