នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ពិធីប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងតំណាងអង្គការសុខភាពពិភពលោក ដែលពិធីនេះប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលេីកឡេីងថា ជាការពិតណាស់ ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមមួយដែលមាន ការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្ត បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network) សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ SEATCA (Southeast Asia Tobacco Control Alliance) និង អង្គការសុខភាពពិភពលោក (WHO) ផងដែរ។
ឯកឧត្តមររដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍ គ្មានផ្សែងបារីសម្រាប់រដ្ឋបាលក្រុងកំពង់ចាម គឺត្រូវលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំ នៅតាមវេទិកា សាធារណៈនានា និងជំរុញឲ្យមានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួត ពិនិត្យថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត ព្រមទាំងបន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅ ទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរណ៍ ។
ឯកឧត្ដម រដ្ឋមន្ត្រី បានចាត់ទុកថា ថ្ងៃនេះ ក្រុងកំពង់ចាមសម្រេចបានជោគជ័យថ្មីមួយទៀត នៅក្នុងវិស័យទេសចរណ៍ ដោយបានក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដូចនេះត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ឲ្យស័ក្តិសមនឹងការទទួលបានជ័យលាភីនេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ការទទួលបានជ័យលាភីជាទីក្រុង ទេសចរណ៍គ្មានផ្សែងបាវីនេះនឹងជួយឱ្យខេត្តកំពង់ចាម ជាពិសេសក្រុងកំពង់ចាម កាន់តែលេចធ្លោ និងភ្ញៀវទេសចរ បរទេស។ លើសពីនេះទៀត ជ័យលាភីនេះមិនត្រឹមតែបង្កើនភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យអភិវឌ្ឍន៍វិស័យទេសចរណ៍” នឹងការគិតគូរពីស៊ីខភាពសាធារណៈ ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តជំរុញការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារីឱ្យបានប្រកបដោយជោគជ័យផងដែរ ៕