ព័ត៌មានជាតិ

ស្ពានយោលតាដេស ដែលទឹកជំនន់ហូរដាច់កន្លងមក ត្រូវបានសាងសង់ឡើងវិញរួចរាល់ហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ និងសម្ដេចធិបតី

(ពោធិ៍សាត់)៖ ស្ពានយោលតាដេសមួយកន្លែង ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលត្រូវទឹកជំនន់ហូរដាច់កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣កន្លងមក ត្រូវបានសាងសង់ឡើងវិញជាបណ្តោះអាសន្នរួចរាល់ហើយ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សនៅតំបន់នោះ មុននឹងឈានទៅសាងសង់ជាស្ពានដែកបាឡេនាពេលខាងមុខ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពស្ពានយោលតាដេស នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយបានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសសុខសុវត្ថិភាពរបស់កូនចៅសិស្សានុសិស្សពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំដល់ក្រសួងសាមីពិនិត្យនិងសាងសង់ស្ពានយោលនេះឡើងវិញឱ្យបានឆាប់រហ័ស និងឈានទៅដល់ការសាងសង់ស្ពានដែកបាឡេជាបន្តបន្ទាប់។

លោកអភិបាលខេត្តបន្តថា តាមការចុះពិនិត្យជាក់ស្តែង យើងឃើញថាក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានមន្ទីរសាធារណការជាសេនាធិការនោះបានសាងសង់ស្ពានយោលនេះ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នរួចរាល់ហើយ តែក៏នៅមានបញ្ហាប្រឈម និងខ្វះចន្លោះមួយចំនួនទាក់ទងនឹងសំណាញ់ ឬរបាំងសុវត្ថិភាពដែលទាមទារត្រូវរៀបចំជាបន្ទាន់។

លោក សន សារឿន មេភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ បានគោរពថ្លែងអំណរគុណចំពោះលោក ខូយ រីដា ពិសេសគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតំបន់នេះ ដោយបានរៀបចំសាងសង់ស្ពានយោលនេះឡើងវិញ ងាយស្រួលដល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស។

គួរជម្រាបថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយវីដេអូបរិយាយ ដោយមានខ្លឹមសារ (មហាកុដិតម្លៃជិត២លានដុល្លារ ក៏ខ្មែរអាចចូលរួមក៏សាងបាន តែបើស្ពានមួយតម្លៃ ១០០០ដុល្លារ សម្រាប់សិស្សឆ្លងទៅសាលា រៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាន…)។

ជាមួយគ្នានោះ រដ្ឋបាលស្រុកភ្នំក្រវាញក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា នៅមុនខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាដេស មានស្ពានយោលមួយប្រវែង១៣៥ម៉ែត្រ ដែលកសាងក្រោមការជួយឧបត្ថម្ភ ពីសំណាក់អាជ្ញាធរ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ទឹងធំ)។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ បានកើនឡើងជាគំហុក ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត ក្នុងនោះក៏បណ្តាលឱ្យស្ពានយោលតាដេស ដួលរលំខូចខាតទាំងស្រុង បង្កឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ក្រោយទទួលបានហេតុការណ៍នេះភ្លាម អភិបាលខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ទូកស្មាច់ កាណូត អាវពោង និងថវិកាមួយចំនួន ផ្តល់ជូនថ្នាក់ដឹកនាំភូមិ និងលោកគ្រូអ្នកគ្រូ ដើម្បីដោះស្រាយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបណ្តោះអាសន្ន។ ករណីដាច់ស្ពានតាដេស បើគិតមកដល់ពេលនេះ មានរយៈពេលជាង៦ខែ មិនដូចការផ្សាយព័ត៌មាន ដែលលើកឡើងថារៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាននោះទេ។

ចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរមកទីរួមស្រុក នៅតែអាចធ្វើដំណើរបានដោយឆ្លងកាត់ទំនប់ដំណាក់សុក្រម ស្ថិតក្នុងភូមិព្រែក២ ឬឆ្លងកាត់ស្ពានអូរព្រាល ក្នុងភូមិអូរព្រាល ឃុំសំរោងបានជាធម្មតា។ បន្ថែមពីនោះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នៅតែបន្តជួយដោះស្រាយការលំបាក ក៏ដូចជាស្នើសុំទៅសម្តេចប្រមុខ ដើម្បីទទួលបាននូវសមិទ្ធផលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *