បើទោះបីជាមានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងមានការអំពាវនាវយ៉ាងទទូច របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង ក្នុងរយៈកាលកន្លងមកក៏ដោយ ក៏សកម្មភាពទំនើងមួយចំនួន នៅតែបន្តប្រព្រឹត្តដោយមិនកោតក្រែង បង្កការភ័យខ្លាច និងរំខានដល់អ្នកដ៏ទៃនៅលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ។ ជាក់ស្តែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង០១ក្រុម ប្រមូលផ្ដុំគ្នាបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និង ០២នាក់ផ្សេងទៀត បានកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបន្លឺសម្លេងខ្លាំងៗ បើកបរល្បឿនលឿន ក្នុងទីប្រជុំជន។
ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាម ក្រុមTTP (ទួលទំពូង) សរុបចំនួន ២១នាក់ (ស្រី០១នាក់) ត្រូវបានអាវុធហត្ថខណ្ឌបឹងកេងកង បង្ក្រាបនៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមនេះកំពុងធ្វើការបង្ហោះម៉ូតូ ដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ និងយុវជន ០២នាក់ដែលបានកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបន្លឺសម្លេងខ្លាំងៗ បើកបរល្បឿនលឿន ក្នុងទីប្រជុំជន រួមមាន ម្ចាស់រថយន្ត ម៉ាក Camry ពណ៌ទឹកប្រាក់ ឆ្នាំ១៩៩២ ស្លាកលេខ បន្ទាយមានជ័យ 2A.0684 ត្រូវបានអាវុធហត្ថខណ្ឌទួលគោក បង្ក្រាបនៅចំណុចមហាវិថី សហព័ន្ធរុស្ស៊ី (ខាងមុខសាលាតិចណូ)សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងម្ចាស់រថយន្ត ម៉ាកLexus is200 ឆ្នាំ២០១៦ ពណ៌ស គ្មានស្លាកលេខ ត្រូវបានអាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាបនៅចំណុចផ្លូវ១៨២កែង២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕