រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព នៃការពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។
ការដាក់បទបញ្ជាជាថ្មីនេះ ឆ្លើយតបចំពោះស្ថានភាពដែលកំពុងប្រឈមជាមួយការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង។ ការអនុវត្តនេះ ត្រូវធ្វើដោយបើកជំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវរៀបចំសម្ភារសាជី ឬក៏បារ៉ាស់ និងការដាក់តាំងនូវម៉ាស៊ីនចាប់ល្បឿនជំហរតែម្ដង ឈប់ជ្រកក្រោមដើមឈើ ក្នុងតូបលក់ដូរ ដែលនាំឲ្យមហាជនរិះគន់។ ការត្រួតពិនិត្យតាមគោលដៅដងផ្លូវជាតិ សូមឲ្យសមត្ថកិច្ចបំពេញនូវកាតព្វកិច្ចជាមួយឯកសណ្ឋាន ប្រកបដោយកាយវិការសុភាពរាបសារ ម៉ឺងម៉ាត់ និងជំនាញច្បាស់លាស់»។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង នៅពេលឃើញស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។ ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះឯកឧត្តមយល់ឃើញថា មានតែការរឹតបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការនឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹតបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម។
សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។
មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្បឿន៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់គ្រោះថ្នាក់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% ងងុយ១% ល្មើសសញ្ញាចរាចរណ៍១% កត្តាអាកាសធាតុ១% និងថ្មើរជើងឆ្លងផ្លូវ១%។ គ្រោះថ្នាក់បង្កដោយអ្នកជិះម៉ូតូ៤៩% អ្នកបើកបររថយន្តធុនស្រាល៣១% អ្នកបើកបររថយន្តធុនធ្ងន់១១% អ្នកបើកបរយានផ្សេងៗ៧% និងថ្មើរជើង១%។
ក្នុងចំណោមអ្នកស្លាប់ រួមមាន អ្នកជិះម៉ូតូចំនួន៧៩% ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៧%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក៕