ព្រះវិហារ៖ សម្ភារ និងបរិក្ខាជាច្រើនមុខ ដែលជាអំណោយរបស់សាលាដំបូងខេត្តព្រះវិហារ ត្រូវបានបន្តនាំយកទៅប្រគល់ជូនអង្គភាពន្ធនាគារខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្រាប់ដោះស្រាយការខ្វះខាតស្របពេលវិបត្តិជំងឺកូវីដ១៩ កំពុងឆ្លងរីករាលជាសកល។
លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃនេះរូបលោក រួមជាមួយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញាររង តំណាងថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាដំបូងខេត្តព្រះវិហារ បានបន្តនាំអំណោយមកប្រគល់ជូនអង្គភាពពន្ធនាគារខេត្ត សម្រាប់ដោះស្រាយការខ្វះខាតប្រើប្រាស់ប្រចាំថ្ងៃ និងមួយផ្នែកទៀត សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយដែលនាំយកមកប្រគល់ជូននៅពេលនេះរួមមាន៖ ម៉ាសចំនួន២,៥០០ម៉ាស អាល់កុល ត្រីខ ទឹកស៊ីអ៊ីវ និងមីផងដែរ។លោក វុធ សាវី ក៏បានណែនាំបន្ថែមឱ្យមន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ ពិសេសត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងអង្គភាពរបស់យើងពីជំងឺកូវីដ១៩៕