Uncategorized

លោកពុយគា ÷រឿងក្រៅឆាកនៃកិច្ចប្រជុំកំពូលអាស៊ាន÷ រឿងថ្មីលើទឹកដីឡាវ

 

ភ្នំពេញ ៖លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា តែប្រើពេលវិភាគតាមដានរាល់កិច្ចប្រជុំអន្តរជាតិដើម្បីរំលេច រឿងក្រៅឆាកនៃកិច្ចប្រជុំនោះ ។
លោកបានលើកយ៉ាងដូច្នេះថា ៖ ដូចសព្វមួយដង រាល់កិច្ចប្រជុំអន្តរជាតិធំៗតែងមានរឿងរ៉ាវក្រៅឆាកដែលខ្ញុំព្យាយាមចងក្រងត្រួសៗទុកចែកជូនជនរួមជា។ ជាពិសេសសម្រាប់ប្អូនៗ ក្មួយៗដើម្បីស្វែងយល់និងជាចំណេះដឹងមួយផ្នែកលើវិស័យទំនាក់ទំនងអន្តរជាតិ និងការទូត។ កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវឆ្នាំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។ ជាកិច្ចប្រជុំប្រចាំឆ្នាំដោយមានការចូលរួមពីមេដឹកនាំមហាអំណាចធំៗដូចជា៖ អាម៉េរិក ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន កាណាដា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ល។ តើកិច្ចប្រជុំលើកនេះ មានអ្វីខ្លះប្លែក សូមតាមដានដូចតទៅ?អវត្តមានមេដឹកនាំចំនួន៤រូប៖
មេដឹកនាំ៤រូបអវត្តមាន ២រូបមកពីក្រៅតំបន់អាស៊ាន គឺប្រធានាធិបតីអាម៉េរិក លោក Joe Biden ដោយឱ្យរដ្ឋមន្រ្តីការបរទេស លោក Anthony Blinken មកជំនួសព្រោះអាម៉េរិកកំពុងត្រៀមរៀបចំបោះឆ្នោតនាពេលខាងមុខ។ រីឯមេដឹកនាំមួយរូបទៀតមកពីរុស្ស៊ីដោយឱ្យលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសមកជំនួស។ សម្រាប់រុស្ស៊ី វាក្លាយជាទម្លាប់ទៅហើយដែលមេដឹកនាំកំពូល លោក Vladimir Putin ឬនាយករដ្ឋមន្រ្តីរបស់គាត់កម្រនឹងចូលរួមណាស់ហើយតែងបញ្ជូនលោក Lavrov មកជំនួស។ អាស៊ានមិនសូវសប្បាយចិត្តជាមួយលោក Putin ឡើយដោយសារតែអវត្តមានបែបនេះ។ ចំណែកឯមេដឹកនាំពីររូបទៀតនៅក្នុងតំបន់អាស៊ានដែលអវត្តមានដែរ គឺមីយ៉ាន់ម៉ា មានតែមន្រ្តីតំណាងមិនមានតំណែងនយោយបាយ, និងឥណ្ឌូនេស៊ីដែលមកជំនួសដោយអនុប្រធានាធិបតី លោក Ma’ruf Amin ព្រោះប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo ត្រូវចប់អាណត្តិ។ លោក Ma’ruf Amin ត្រូវបានគេកត់សម្គាល់ពីការអានបទអន្តរាគមតាមរបៀបមនុស្សចាស់ជំនាន់មុន នោះគឺយកម្រាមដៃបៀកទឹកមាត់ដើម្បីបើកទៅទំព័របន្ទាប់។
លេចមុខមេដឹកនាំថ្មី៤រូប៖
នាយករដ្ឋមន្រ្តីទាំងបួនរួមមាន៖ លោក Shigeru Shiba (ជប៉ុន), លោក Christopher Luxon (នូវ៉ែលសេឡង់), លោក Lawrence Wong (សិង្ហបុរី វ័យ៥១ឆ្នាំ), និងលោកស្រី Paetongtarn Shinawatra

(ថៃ វ័យ៣៧ឆ្នាំ)។ លោកស្រី Paetongtarn ជាមេដឹកនាំវ័យក្មេងជាងគេ ជាស្រ្តីតែម្នាក់គត់ហើយក៏ជាអ្នកឌីជីថលនិយមដ៏ទាន់សម័យ។ មានតែលោកស្រីម្នាក់គត់ដែលប្រើ Ipad អានបទអន្តរាគមនៅពេលដែលមេដឹកនាំដទៃទៀតអានលើក្រដាសធម្មតា។
ឥឡូវបែរមកនិយាយអំពីខ្លឹមសារនៃកិច្ចប្រជុំវិញម្តង រឿងដែលក្តៅជាងគេ គឺបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ មិនខុសពីកិច្ចប្រជុំប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ មីយ៉ាន់ម៉ា រុស្ស៊ី និងចិន ត្រូវបានគេព្រួតគ្នាសំពងយ៉ាងចាស់ដៃ ហើយជានិច្ចកាល រុស្ស៊ី និងចិនតែងវេចសម្ពាយគម្ពីរពាក្យពេចន៍មកពីនាយដើម្បីទុកតតាំងជាមួយលោកខាងលិចដែលមានអាម៉េរិក កាណាដា អូស្រ្តាលី និងជប៉ុន ជាដើម។ដែលតែងប្រើពាក្យខ្លាំងៗនិងធ្ងន់ទៅលើរុស្ស៊ីនិងចិន។
តើពាក្យពេចន៍អ្វីទៅដែលថាខ្លាំងនោះ?
នៅឯកិច្ចប្រជុំលើកនេះ អាម៉េរិកបានប្រើពាក្យ “សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន” រីឯជាមួយចិនវិញ លោក Blinken ថ្លែងថា “យើងនៅតែមានការព្រួយបារម្ភអំពីសកម្មភាពដ៏គ្រោះថ្នាក់ និងខុសច្បាប់កាន់តែខ្លាំងឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែលបានធ្វើឱ្យមនុស្សរងរបួស និងបង្កគ្រោះថ្នាក់ដល់នាវាមកពីប្រទេសអាស៊ី និងផ្ទុយពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី”។ រុស្ស៊ី និងចិនយល់ថាការប្រើប្រាស់ពាក្យពេចន៍ទាំងនេះ បានដើរដល់បន្ទាត់ក្រហមរបស់ពួកគាត់ហើយ ។ដូច្នេះមិនអាចទទួលយកបានឡើយរុស្ស៊ីនៅតែប្រកែកចង់ប្រើពាក្យរបស់ខ្លួនថាជា “ប្រតិបត្តិការយោធា” រីឯចិនតែងពោលពាក្យថា ចិននិងប្រទេសអាស៊ានកំពុងមាន “សុខដុមរមនា” ជាមួយគ្នា រួមទាំងប្រទេសបួនក្នុងអាស៊ានដែលកំពុងជជែកគ្នាលើបញ្ហាដែនទឹកនេះ។
ដោយសារតែភាពមិនចុះសម្រុងនឹងគ្នាលើការប្រើប្រាស់ពាក្យពេចន៍នេះហើយដែលធ្វើឱ្យឯកសារដ៏សំខាន់មួយត្រូវ “គាំងស្តូក” និងត្រូវបង្ខំចិត្តទម្លាក់ចោលតែម្តង នោះគឺសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយត្រូវដាក់ជំនួសមកវិញដោយសេចក្តីថ្លែងការដាច់ដោយឡែករបស់ប្រធានអាស៊ានដែលទើបតែចេញរួចនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ (ពីរថ្ងៃក្រោយកិច្ចប្រជុំចប់)។
អ្វីជាប្រធានបទក្តៅជាងគេ?
រឿងមីយ៉ាន់ម៉ាក្តៅជាងគេនៅឯកិច្ចប្រជុំរយៈពេល៤ថ្ងៃ។ វាជារឿងដែលជាប់ឯកត្តកម្មបីឆ្នាំជាប់គ្នាគិតចាប់ពីឆ្នាំ២០២១មក។ ស្ទើរតែគ្មានមេដឹកនាំប្រទេសណាមួយក្នុងចំណោមប្រទេសទាំង១៨ មិនបានលើកពីបញ្ហាមីយ៉ាន់ម៉ានោះឡើយ។ ផ្ទុយទៅវិញមេដឹកនាំទាំងនោះមិនត្រឹមតែលើកជាបញ្ហា ជាក្តីកង្វល់ប៉ុណ្ណោះទេ។ តែថែមទាំងស្តីបន្ទោសដល់របបសឹកមីយ៉ាន់ម៉ាបណ្តាក់គ្នាពីមួយទៅមួយ ជាពិសេសទៅលើមេដឹកនាំយោធា Ming Aung H’laing។ មេដឹកនាំអាស៊ានក៏ដូចជាមេដឹកនាំមកពីក្រៅតំបន់មានទស្សនៈរួមគ្នាថាសភាពការណ៍នៅប្រទេសមួយនេះមិនបានធូរស្រាលឡើយហើយកាន់តែ “ធ្ងន់ធ្ងរទៅៗ”។
តើតំណាងមីយ៉ាន់ម៉ាឆ្លើយតបយ៉ាងដូចម្តេច?

នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមានមេដឹកនាំមកពី១៨ប្រទេសចូលរួម លោក Aung Kyaw Moe ជាតំណាងមីយ៉ាន់ម៉ាមិនមានតំណែងនយោបាយ អង្គុយឡើងស្ពឹកមុខ ឈ្ងោកមុខចុះលែងចង់ស្តាប់ ដោយសារត្រូវគេព្រួតគ្នាលើកឡើងពីបញ្ហារបស់ខ្លួនពីគ្រប់ទិសទី។ ជាការកត់សម្គាល់ដែរ នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំជាច្រើនបានចាប់អារម្មណ៍ស្តាប់និងងក់ក្បាលនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឡើងថ្លែងបទអន្តរាគម ប្រហែលជាគេពេញចិត្តទៅនឹងខ្លឹមសារនិងឥរិយាបថភាពជាអ្នកដឹកនាំជំនាន់ថ្មីរបស់កម្ពុជាក៏មិនដឹង។
ហេតុអ្វីបានអាស៊ានខ្វល់ខ្វាយរឿងមីយ៉ាន់ម៉ាម្ល៉េះ?
អាស៊ានខ្លាចបាត់បង់សមាជិករបស់ខ្លួន ហើយសង្គ្រាមនៅមីយ៉ាន់ម៉ាបានបន្តបង្កើតនូវសោកនាដកម្ម ជាពិសេស ទៅលើជនស៊ីវិលរហូតធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាចំនួនជាងបីលាននាក់បានក្លាយជាជនភៀសខ្លួន បង្កការលំបាកដល់ប្រទេសជិតខាងនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ អំពើទាំងនេះនាំទៅដល់ការខូចមុខមាត់អាស៊ានទាំងមូល។ទោះជាដោយប្រយោលក៏ដោយ។ ប្រទេសថៃដែលមានភូមិផងរបងជាមួយមីយ៉ាន់ម៉ារហូតដល់២,៤០០គីឡូម៉ែត្រពិតជាខ្វល់ខ្វាយ និងព្យាយាមដុតដៃដុតជើងក្នុងបំណងជួយសម្រាលស្ថានការណ៍និងរកដំណោះស្រាយ ព្រោះជម្លោះនេះបានបង្កផលប៉ះពាល់ដល់ថៃ ជាពិសេសជនភៀសខ្លួននិងបញ្ហានៅតាមព្រំដែន។ រីឯម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងព្រុយណេ ក៏ខឹងសម្បានឹងមេដឹកនាំយោធាមិនតិចដែរទៅលើបញ្ហាជនភៀសខ្លួន Rohingya ដែលជាអម្បូរមូស្លីមជាមួយគ្នា។
មេដឹកនាំរបបយោធា Ming Aung Hlaing ជានរណា?
Ming Aung Hlaing ជាមេដឹកនាំយោធាដែលមិនចូលចិត្តធ្វើការទូតបែបបើកចំហឡើយ។ ឧត្តមសេនីយ៍ Ming Aung Hlaing ត្រូវបានគេនិយាយថាពេលលោកដណ្តើមបានអំណាចភ្លាម លោកចង់ងាកចេញពីចិនទៅកៀកកើយជាមួយរុស្ស៊ី។ ប៉ុន្តែក៏ជាប់ផុងមិនបានអ្វីជាដុំកំភួនពីរុស្ស៊ីបន្ទាប់ពីប្រទេសមួយនេះជាប់មានជម្លោះជាមួយអ៊ុយក្រែន។ លោក Ming Aung Hlaing ក៏ត្រូវបានគេវាយតម្លៃថាជាមនុស្សរឹងរូស មានះនិងជឿជាក់ថា “ខ្លួនធ្វើបាន និងធ្វើត្រូវ”។ ប្រទេសជាច្រើនបានបោះដៃចូលជួយរកដំណោះស្រាយ ជាពិសេសប្រទេសក្នុងអាស៊ាន និងប្រទេសដែលមិនអាចបំភ្លេចបាននោះគឺកម្ពុជានេះឯង។ ប៉ុន្តែមិនអាចជួយបានឡើយព្រោះតែមីយ៉ាន់ម៉ាខ្លួនឯង។ ឥឡូវស្ថានភាពបានប្រែប្រួលកាន់តែជ្រៅរហូតមានការចូលលូកដៃពីអ្នកខាងក្រៅ។ អាម៉េរិកមានយុទ្ធសាស្រ្តមួយបែបរបស់ខ្លួន រីឯចិនក៏មានយុទ្ធវិធីមួយបែបផ្សេងទៀតនៅពេលដែលរបបយោធាគិតថាខ្លួននៅតែខ្លាំង និងមានសមត្ថភាពផលិតអាវុធដោយខ្លួនឯងដើម្បីបន្តធ្វើសង្រ្គាមផ្ទៃក្នុងបានដោយពុំចាំបាច់ទិញពីបរទេស លើកលែងតែអាវុធធន់ធ្ងន់។ យ៉ាងណាក៏ដោយ អ្នកតាមដានកិច្ចការតំបន់យល់ថា ប្រហែលមានតែចិនមួយទេដែលអាចមានឥទ្ធិពលជួយមីយ៉ាន់ម៉ាលើគ្រប់ភាគីជម្លោះ បើទោះបីជា លោក Ming Aung Hlaing មិនមែនជាមនុស្សរបស់ចិនក្តី។ បច្ចុប្បន្ន ចិនក៏ឈឺក្បាលមិនតិចដែររឿងបញ្ហាជួញដូរតាមអនឡាញ “Online Scam” នៅមីយ៉ាន់ម៉ាដែលបង្កបញ្ហាដល់ជនជាតិចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។
ម៉ាឡេស៊ីអាចប្រើខ្សែភ្លើងឆក់របបយោធាមីយ៉ាន់ម៉ាបានទេ?
ឆ្នាំក្រោយនេះដល់វេនប្រទេសម៉ាឡេស៊ីត្រូវធ្វើម្ចាស់ផ្ទះអាស៊ាន។ ម៉ាឡេស៊ីតែងមាត់ធំៗដាក់មីយ៉ាន់ម៉ា ឥឡូវនេះប្រទេសមួយចំនួនចាប់ផ្តើមរង់ចាំមើលថាតើម៉ាឡេស៊ីអាចនឹងធ្វើអ្វីបានខ្លះជាមួយមេដឹកនាំយោធាភូមា? មួយឆ្នាំពេញនៃឆ្នាំ២០២៤ ឡាវជាប្រទេសម្ចាស់ផ្ទះអាស៊ានដែលគ្រប់គ្នាយល់ថាប្រទេសមួយនេះមុខជា “សុំតែរួចខ្លួន” ហើយប្រទេសធំៗក៏អាចគិតថាគួរតែឱ្យឡាវ “រួចខ្លួនដែរ”។ ដូច្នេះហើយទើបមិនមានអ្វីក្តុងក្តាំងនៅក្នុងអាណត្តិរបស់ឡាវជាប្រធានអាស៊ាន។ ផ្ទុយទៅវិញ ម៉ាឡាស៊ី ជាប្រទេសមួយដែលចង់បង្ហាញមុខមាត់និងសមត្ថភាពរបស់ខ្លួន មុខជាមិននៅស្ងៀមនិងមិនធ្វើអ្វីនោះឡើយ។ ដូចនេះ ការប៉ះទង្គិចខ្លះអាចនឹងកើតមាន ហើយគេប្រមើលមើលថាម៉ាឡាស៊ីអាចប្រើវិធីក្តៅជាងប្រទេសព្រុយណេ កម្ពុជា និងឥណ្ឌូនេស៊ីដែលបានធ្វើម្ចាស់ផ្ទះអាស៊ានផ្លាស់វេនគ្នារយៈពេល៣ឆ្នាំកន្លងមកនេះចំពេលនិងក្រោយពេលដែលរបបយោធាចាប់ផ្តើមដណ្តើមអំណាចយកមកកាន់នៅឆ្នាំ២០២១ ហើយដែលនាំដល់ជម្លោះធ្ងន់ធ្ងរៗទៅរហូតដល់ពេលបច្ចុប្បន្ននេះ។ កិច្ចប្រជុំមិនទាន់ប្រជុំចប់ស្រួលបួលផង ម៉ាឡេស៊ីបានប្រាប់មុនរួចទៅហើយថាខ្លួននឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានពីរដងនៅឆ្នាំក្រោយ គឺកិច្ចប្រជុំកំពូលផ្ទៃក្នុងអាស៊ាន១០គ្នាឯង (អាចអំឡុងខែឧសភា) និងកិច្ចប្រជុំកំពូលអាស៊ានជាមួយប្រទេសពាក់ព័ន្ធ៨ទៀតនៅចុងឆ្នាំដែលរួមមានមហាអំណាចចិននិងអាម៉េរិក។ ជាច្រើនឆ្នាំមកហើយ ប្រទេសម្ចាស់ផ្ទះបានដូរទម្លាប់ប្រជុំកំពូលពីរដងក្នុងមួយឆ្នាំមកតែម្តងវិញ ដើម្បីកាត់បន្ថយការអញ្ជើញមេដឹកនាំដទៃទៀតដែលតែងជាប់រវល់វក់វីនឹងកិច្ចការរបស់ខ្លួន ហើយទី២ក៏ដើម្បីសន្សំសំចៃលើការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ប៉ុន្តែសម្រាប់ប្រទេសអ្នកមានគេតែងចង់បង្ហាញមុខមាត់និងឥទ្ធិពលរបស់ខ្លួន ដូចនេះវាជាសិទ្ធិសម្រេចរបស់ប្រទេសម្ចាស់ផ្ទះ។ នៅឯកិច្ចប្រជុំ អាស៊ានក៏មានការចាប់អារម្មណ៍លើពាក្យពេចន៍ដែលលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានលើក តើជាពាក្យអ្វីទៅ?
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីឌឺដងឱ្យអាម៉េរិក៖

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ហ៊ានឌឺដងផ្លែផ្កាឱ្យអាម៉េរិកដោយថ្លែងថា “រហូតមកដល់ពេលនេះនៅតែបន្តមានផ្នត់គំនិតនៃសង្គ្រាមត្រជាក់ សូម្បីតែយើងចង់សហការរាប់អានជាមួយចិននិងរុស្ស៊ី ក៏គេបដិសេធយើងដែរ”។ លោក Anwar ត្រូវបានគេគិតថាជាអ្នកនយោបាយដែលនិយមលោកខាងលិច ជាពិសេសអាម៉េរិក តែពេលនេះលោកមានទស្សនៈផ្សេងក្រោយពីឡើងកាន់អំណាច។ ប្រទេសអាស៊ានដែលកាន់សាសនាអ៊ីស្លាម ជាពិសេសឥណ្ឌូនេស៊ី ព្រុយណេ និងម៉ាឡេស៊ី បានថ្នាំងថ្នាក់នឹងសហរដ្ឋអាម៉េរិកចំពោះនយោបាយនៅមជ្ឈិមបូព៌ាដែលបង្កផលប៉ះពាល់ដល់ជនជាតិមូស្លីម។ ម៉ាឡេស៊ី ក៏ជាប្រទេសទី១ដែលបានហៅប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា ថាជា “អំពើប្រល័យពូជសាសន៍” សូម្បីនៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាម៉េរិក ហើយសូមឱ្យអាម៉េរិកជួយទប់ស្កាត់កុំឱ្យមានអំពើហ្នឹងបន្តទៅទៀត។ ប៉ុន្តែលោក Blinken មិនបានឆ្លើយតបលើចំណុចនោះឡើយ។ ទន្ទឹមនឹការលេងពាក្យធ្ងន់ៗ លោក Anwar ក៏ក្លែមបញ្ចប់បទអន្តរាគមបង្កប់ដោយសំណើចឱ្យមេដឹកនាំដទៃទៀតដោយប្រើ៤ភាសាក្នុងការអរគុណ គឺភាសា៖ Terima Kasih (ម៉ាឡេស៊ី), Xièxie (ចិន), Khob Chai (ឡាវ) និង Thank You (អង់គ្លេស)។
មេដឹកនាំបីរូបស្នងត្រកូលឪពុក៖
មេដឹកនាំបីរូបដែលស្នងត្រកូលពីឪពុកបានចូលរួមប្រជុំ។ ក្នុងនោះមាន៖ លោក Ferdinand Marcos Jr (ប្រធានាធិបតីហ្វីលីពីន), លោកស្រី Paetongtarn Shinawatra (នាយករដ្ឋមន្ត្រីថៃ), និងលោក Hun Manet (នាយករដ្ឋមន្ត្រីកម្ពុជា)។ ទៅថ្ងៃខាងមុខនឹងមានប្រទេសព្រុយណេមួយទៀត “បួនក្នុងអាស៊ានដប់”។
មេដឹកនាំមុខមាំ៖
មេដឹកនាំចំនួនបីរូបត្រូវបានគេមើលឃើញថាកំណាញ់មុខមិនរីក គម្រិះក្នុងការញញឹមគឺចិន ជប៉ុន និងកូរ៉េខាងត្បូង ជាពិសេសនាយករដ្ឋមន្រ្តីជជប៉ុន លោក Shigeru Shiba ដែលមិនញញឹមរាក់ទាក់ ឬស្វះស្វែងរកជួបមេដឹកនាំដទៃឡើយ។ រីឯពីររូបទៀតគឺ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang ប៉ុន្តែមិនមាំក្រៀមក្រំដូចលោក Shigeru Shiba នោះពេកទេ។
នាយករដ្ឋមន្រ្តីកាណាដាបង្កើតព្រឹត្តិការណ៍ឱ្យគេចាប់អារម្មណ៍៖
នាយករដ្ឋមន្រ្តី Justin Trudeau បានបង្កើតព្រឹត្តិការណ៍បីនៅឯកិច្ចប្រជុំ។ ទី១៖ លោកគេចមិនថតរូបជាមួយតំណាងចូលរួមពីមីយ៉ាន់ម៉ា, ទី២៖ ពេលចេញពីប្រជុំលោកដើរមិនខ្ចីជិះឡានរហូតបានមួយសន្ទុះទើបឡើងជិះឡានវិញ, និងទី៣៖ ដោយសារកិច្ចប្រជុំអូសបន្លាយវែង ម្នាក់ៗចង់អស់ខ្យល់ដែរ និងហួសពេលដែលត្រូវចាប់ផ្តើមពិធីលៀងសាយភោជន៍ផង លោក Trudeau ដល់វេនថ្លែងបទអន្តរាគម គាត់ក៏ផ្តើមដោយនិយាយថា កុំបារម្ភអីខ្ញុំមានតែ៨ចំណុចទេដែលត្រូវលើកឡើង រំពេចនោះម្នាក់ៗចាប់ផ្តើមបើកភ្នែកធំៗ តែមិនបង្អង់យូរ លោក Trudeau ក៏បន្តថា “ខ្ញុំនិយាយលេងទេ!” ស្រដៀងនឹងភាសាបងប្អូនអ្នកស្វាយរៀង (sic) ធ្វើឱ្យអង្គប្រជុំទាំងមូលផ្ទុះសំណើចពេញសាល សម្រាលបរិយាកាសបានបន្តិច។ លោក Trudeau ជាបុរសរួសរាយជាងគេ ដើរចាប់ដៃគេស្ទើរគ្រប់គ្នា ហើយក៏ជាមេដឹកនាំដែលគេនិយាយថាមានមន្តស្នេហ៍ជាងគេ។ នារីជាច្រើនបានសរសើគាត់ សូម្បីនារីជាអ្នកសារព័ត៌មាន។
ប្រទេស Timor-Leste នឹងក្លាយជាសមាជិកអាស៊ានកូនពៅទី១១៖ នៅឯកិច្ចប្រជុំលើកនេះ ប្រទេស Timor-Leste បានបោះជំហ៊ានកាន់តែជ្រៅទៅក្នុងអាស៊ានដើម្បីត្រៀមខ្លួនចូលជាសមាជិកកូនពៅទី១១។
លោក Xanana Gusmao នាយករដ្ឋមន្រ្តី Timor-Leste បានចូលរួមកិច្ចប្រជុំជាមួយការផ្តល់សិទ្ធបន្ថែមក្នុងការបញ្ចេញមតិយោបល់នៅឯកិច្ចប្រជុំកំពូល។ លោក Gusmao ជាមេដឹកនាំមួយរូបដែលរួសរាយរាក់ទាក់អាចប្រកួតជាមួយនាយករដ្ឋមន្រ្តីកាណាដាបាន។ រាល់ពេលសម្រាកពីកិច្ចប្រជុំ លោកតែងឆ្លៀតបង្ហុយបារីនៅខាងក្រៅសាលប្រជុំ។ ទីនោះហើយដែលខ្ញុំសំណេះជាមួយគាត់អំពីកិច្ចប្រជុំ និងអនុស្សាវរីយ៍ខ្លះៗនាពេលកន្លងមក។
វៀងចន្ទន៍ក្រៀមក្រោះសម្រស់៖
ជាម្ចាស់ផ្ទះឆ្នាំ២០២៤ ទីក្រុងវៀងចន្ទន៍ដែលធ្លាប់រីកស្រស់បំព្រងកាលពី១០ឆ្នាំមុន បានប្រែជាស្រពោនក្រៀមស្វិត។ ឡាវបានរឹតត្បិតការចំណាយសូម្បីតែការតុបតែងលម្អក្រុង និងការផ្តល់ម្ហូបអាហារដល់សមាជិកប្រតិភូ និងអ្នកសារព័ត៌មាន មានការកម្រិតយ៉ាងខ្លាំង សូម្បីតែកាហ្វេក៏ត្រូវបានកម្រិតចំនួនប្រតិភូដែលអាចទទួលបាន។ ប៉ុន្តែម្ចាស់ផ្ទះក៏បានបង្កលក្ខណៈឱ្យមានការលក់ដូរម្ហូបអាហារនិងកាហ្វេនៅក្នុងបរិវេណក្បែរសាលប្រជុំវិញដែរ។
ចិនចាប់ផ្តើមជូនអាំងប៉ាវដល់កម្ពុជាឡើងវិញ៖
ជាងមួយឆ្នាំហើយ ពោលគឺចាប់តាំងពីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តីមក ចិនដូចជាមិនបានផ្តល់ជំនួយថ្មីជាថវិកាដល់កម្ពុជាឡើយ នោះប្រហែលជាចិនចង់ឃ្លាំមើលនយោបាយរបស់មេដឹកនាំថ្មីកម្ពុជាសិនក៏មិនដឹង។ លោក ហ៊ុន ម៉ាណែត បានជួបច្រើនលើកច្រើនសារជាមួយមេដឹកនាំចិន ហើយទើបតែនៅទីក្រុងវៀងចន្ទន៍នៅក្នុងជំនួបទ្វេរភាគីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះទេ ដែលនាយករដ្ឋមន្រ្តីចិន លោក លី ឈាង បានផ្តល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន (ប្រមាណ៤២,៤លានដុល្លារ) សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះអាចជាសញ្ញាវិជ្ជមាននៃការ “បើកគ្របបង្ហូរទឹក”។
អាម៉េរិកអរគុណអគ្គលេខាធិការអាស៊ាន និងនាយករដ្ឋមន្រ្តីកម្ពុជា៖

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Anthony Blinken បានថ្លែងអំណរគុណដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានដែលជាកូនខ្មែរ លើកិច្ចការដឹកនាំអាស៊ាន ហើយលោកក៏អរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលដៃគូសន្ទនា អាម៉េរិកនិងអាស៊ានដែលលោក Blinken ថ្លែងថាអាម៉េរិកពេញចិត្តយ៉ាងខ្លាំង។ កន្លងមកទំនាក់ទំនងកម្ពុជា-អាម៉េរិកជួបប្រទះនូវផ្លូវរលាក់ និងរហូតដល់ជំពប់ជើងម្តងៗ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលធ្លាប់សិក្សានៅសហរដ្ឋអាម៉េរិក និងក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-អាម៉េរិក សម្រាប់រយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០២៤ កម្ពុជានឹងមានឱកាសច្រើនដើម្បីស្តារទំនាក់ទំនងឡើងវិញតាមរយៈយន្តការដែលមានស្រាប់រួមទាំងតួនាទីស្នូលរបស់អាស៊ាន។
កម្ពុជា-កាណាដា បើកទំព័រថ្មី៖
ចូលរួមកិច្ចប្រជុំលើកនេះ កម្ពុជាក៏ទទួលបានផ្លែផ្កាមួយទៀត នោះគឺការសន្យារបស់នាយករដ្ឋមន្រ្តីកាណាដាថាគ្រោងនឹងបើកស្ថានទូតនៅកម្ពុជានាពេលខាងមុខដែលនឹងជួយដល់ទំនាក់ទំនងកម្ពុជា-កាណាដាឱ្យកាន់តែប្រសើ និងក៏ជួយសម្រួលទៅដល់ប្រជាពលរដ្ឋខ្មែរដែលត្រូវការវីសាទៅមកកាណាដា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *