ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់មកពីផឹកស្រាស្រវឹងខឹងប្រពន្ធដុតផ្ទះខ្លួនឯងឆេះគ្មានសល់

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ចាប់បុរសម្នាក់ពីបទដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះគ្មានសល់ដោយបុរសនេះខឹងប្រពន្ធមិនដេកផ្ទះព្រោះទៅដេកមើលឪពុកឈឺ។ករណីនេះកើតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅកាលពីយប់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ ។
លោកសែស វិបុលអធិការនគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ៖ជនសង្ស័យឈ្មោះសឿនវាសនាអាយុ ៣៧ឆ្នាំប្រពន្ធឈ្មោះ ហៀប ពៅអាយុ៤១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារនេះនៅភូមិកើតហេតុ ។
លោកអធិការ បានបន្តថា៖មូលហេតុបង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះគឺបណ្ដាលមកពីបុរសជាប្តី ផឹកស្រាស្រវឹង បានខឹងប្រពន្ធមិនដេកនៅផ្ទះរវល់ទៅដេកកំដរឪពុកមានជំងឺនៅក្បែរផ្ទះក៏មានចិត្តមួរម៉ៅរួមនឹងស្រវឹងស្រាផងក៏ផ្ទុះកំហឹងយកដែកកេះដុតផ្ទះខ្លួនឯងចោលឆេះហ្មត់។
ផ្ទះនេះមានទំហំ៣,៥០ម៉ែត្រគុណ៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសីក្រាលក្តារខូចខាតសម្ភារ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង។ កម្លាំងនគរបាលនិងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់មិនបង្កឱ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ។ករណីនេះ ប្រពន្ធសុំឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *