ត្បូងឃ្មុំ៖ ម៉ូតូមួយគ្រឿងជិះឌុបគ្នាបីនាក់ បានបើកទៅបុករថយន្តពីក្រោយដែល កំពុងឈប់ លើកំណាត់ផ្លូវជាតិលេខ ១១ បណ្តាលឱ្យខាងម៉ូតូស្លាប់ពីរនាក់ និងរបួសម្នាក់ ។ហេតុការណ៍នេះបានកើតឡើងនៅ ក្នុងភូមិ ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឪកាលពីរំលង អធ្រាត្រចូលថ្ងៃទី៨ខែកុម្ភ:ឆ្នាំ២០២១។
មន្រ្តីអាវុធហត្ថស្រុកអូរាំងឪបានឱ្យថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ខុន ឌីច អាយុ ២២ ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកស្កុបពី គ្មានផ្លាកលេខ,ឈ្មោះ សុខ ធាន អាយុ ២៦ ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ សេន វ៉ាន់ដា អាយុ ២៨ឆ្នាំ។ជនរងគ្រោះទាំងបីនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ។
មន្ត្រីដដែលបានបន្តថា៖ តាមការសន្និដ្ឋានរបស់មន្រ្តីនគរបាលចរាចរណ៍បង្ហាញថា៖ ទំនងជារថយន្តឈប់ស្ងៀម ហើយម៉ូតូបានបើកបរឌុបគ្នាទាំងបី នាក់មកពីទិសស្រុកអូរាំងឪ សំដៅទិសថ្នល់ទទឹង ស្រុកត្បូងឃ្មុំបានបុកពីខាងក្រោយរថយន្ត។ រថយន្តនោះក៏បានបើកគេចបាត់ ក្រោយពីគ្រោះថ្នាក់ ៕