ភ្នំពេញ៖ក្មេងស្ទាវមួយក្រុមប្រមាណ២០ម៉ូតូបានដេញវាយអ្នកជិះម៉ូតូឌុបគ្នា៣នាក់ភ័យពេករត់ទៅបុកម៉ូតូមន្ត្រីយោធាម្នាក់បណ្តាលឱ្យស្លាប់ភ្លាមខណៈភាគីបង្ករងរបួសធ្ងន់៣នាក់។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមនកាលពីយប់ថ្ងៃទី២៨ ខែសីហា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងបុរសជាមន្រ្តីយោធាម្នាក់ជិះម៉ូតូZoomer ផ្លាកលេខកំពង់ស្ពឺ 1O-4699ឈប់ស្តុបស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាកHonda Dream ផ្លាកលេខ ភ្នំពេញ1IB-2802 ឌុបគ្នាមកបុកពេញទំហឹងបណ្តាលឱ្យមន្ត្រីយោធារូបនោះស្លាប់មួយរំពេច។
មន្ត្រីដែលស្លាប់ឈ្មោះ ដារ៉ា ប្រាថ្នា អាយុ ៣០ឆ្នាំស័ក្តិ៣នៅអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោក ការិយាល័យទី៣។ចំណែកបុរស៣នាក់នោះរងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះទេត្រូវបានគេជួយដឹកទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់។
មុនកើតហេតុគេបានឃើញក្មេងទំនើងប្រមាណ២០ម៉ូតូជិះដេញវាយអ្នកជិះម៉ូតូឌុបគ្នា៣នាក់។ពេលនោះខាងម៉ូតូ៣នាក់ទំនងភ័យពេកបានជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូកំពុងឈប់ចាំភ្លើងស្តុបពេញទំហឹងបណ្តាលឱ្យមន្ត្រីយោធារូបនោះស្លាប់តែម្តង៕