ភ្នំពេញ៖ទៅតុលាការភ្នំពេញកាលពីរសៀលថ្ងៃទី១៩ ខែឧសភាបានចេញដីកាឃុំខ្លួនបណ្តោះអាសន្នមេការម្នាក់ករណីទិញសម្ភារសំណង់ចេញសែកអត់មានលុយជិត៧.០០០ដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា មេការសំណង់ឈ្មោះ ម៉ង់ សាម៉ន អាយុ៤៣ ឆ្នាំនៅផ្ទះលេខ១២០ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះបានប្តឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ម៉ង់សាម៉នបានទិញសម្ភារសំណង់ជាបន្តបន្ទាប់សរុបទឹកប្រាក់៦.៧០០ដុល្លារ។ការទិញគ្រឿងសំណង់នោះមេការ ម៉ង់សាម៉ន មិនទាន់បានទូទាត់លុយឱ្យម្ចាស់បំណុលភ្លាមៗទេចេះតែសុំពន្យាពេលម្តងហើយម្តងទៀត។
រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ ដើមបណ្តឹងបានណាត់ជួបឈ្មោះម៉ង់ សាម៉នដើម្បីសួរនាំរឿងលុយជំពាក់ថ្លៃគ្រឿងសំណង់។ពេលជួបគ្នាមេការសំណង់រូបនេះបានចេញសែកមួយសន្លឹកដែលមានទឹកប្រាក់៧.៦០០ដុល្លារទៅដើមបណ្តឹងសម្រាប់យកទៅបើកនៅធនាគារ ABA កាលពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១ ។
ដើមបណ្តឹងបានយកសែកនោះទៅបើកប្រាក់ពីធនាគារ។ស្រាប់តែខាងធនាគារបញ្ជាក់ថា សែកនេះគ្មានសាច់ប្រាក់ទេ។ចាប់ពីពេលនោះមកមេការសំណង់ក៏បានគេចវេសមិនព្រមដោះស្រាយទើបប្តឹងសមត្ថកិច្ចតែម្តង៕