បន្ទាយមានជ័យ៖ ក្មេងទំនើង៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់យកមកសួរនាំ កាលពីថ្ងៃទីខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង០០នាទី ក្រោយពីមានប្រជាពលរដ្ឋប្តឹងថា ក្មេងទំនើងទាំងនោះ បាននាំគ្នាយកយកដុំថ្មគប់ និងយកកាំបិតដេញកាប់ភ្ញៀវដែលកំពុងពិសារអាហារក្នុងហាងមួយកន្លែង ក្នងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលប៉ុសិ៍តរដ្ឋបាលអូរជ្រៅ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់មានឈ្មោះរើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ,ឈ្មោះយស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះអេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំ។
នៅចំពោះមុខនគរបាលសួរនាំ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ពិតជាបានដេញកាប់មនុស្សម្នាក្នុងហាងផឹកស៊ីមួយកន្លែងមែន រឿងហិង្សានេះកើតឡើង គឺដោយសារឈ្មោះ សៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំជាបុគ្គលិកហាងខាងលើ មានជម្លោះពាក្យសម្តីជាមួយពួកគេ ដូចនេះហើយពួកគេមករកកាប់បុគ្គលិករូបនោះ តែគាត់បានរត់គេចចូលក្នុងបន្ទប់បាត់ ទើបកកាប់ត្រូវភ្ញៀវទៅវិញ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់(ក្មេងទំនើង) កំពុងស្ថិតក្នុងការសួរនាំរបស់នគរបាលជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕