Uncategorized

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្តទាំងអស់ បញ្ឈប់ការផ្សារផ្សព្វផ្សាយ គ្រឿងស្រវឹងតាមដងផ្លូវនិងទីសាធារណៈ ប្រជាពលរដ្ឋបានគាំទ្រពេញទំហឹង

 

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។

ក្នុងវេទិកាប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ កាលពីរសៀលថ្ងៃ៨ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា «ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ។ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកល្ហក។ជាងនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ»
យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។លោកក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន។ ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *