ភ្នំពេញ៖បុរសម្នាក់ទំនងមានអាការៈមិនស្រួលក្នុងខ្លួន បានជិះម៉ូតូស្រាប់តែដួលប្រកាច់ស្លាប់ភ្លាម ហើយក៏មានជនមិនស្គាល់មុខលួចយកម៉ូតូទៅបាត់។ហេតុការណ៍នេះបានកើតឡើងនៅមុខមន្ទីរពេទ្យសូរិយា ផ្លូវ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៣ ខែតុលា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសដែលស្លាប់ បានអង្គុយលេងក្នុងម៉ាត។មួយសន្ទុះក្រោយមកបានពោលប្រាប់អ្នកនៅក្បែរថា “ដូចជាមិនសូវស្រួលខ្លួនសោះ” ហើយក៏ជិះម៉ូតូចេញទៅវិញស្រាប់តែដួលប្រកាច់សន្លប់ឈឹង។ ពេលនោះក៏មានជនមិនស្គាល់មុខមកយកម៉ូតូជិះទៅបាត់ ពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់ដើម្បីជួយដឹកទៅមន្ទីរពេទ្យ។តែអកុសលបុរសរូបនោះបានស្លាប់បាត់ទៅហើយ។
ក្រោយមកកម្លាំងនគរបាលរាជធានីភ្នំពេញ ផ្នែកកោសល្យវិច័យបានចុះមកពិនិត្យសព ហើយបានបញ្ជាក់ថា ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គ។សមត្ថកិច្ចក៏ដឹកសពតាមរថយន្តសាមុយ ទៅតម្កល់នៅវត្ត ហើយស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕