ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះសំណេះសំណាលសួរសុខទុក្កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្តបាត់ដំបង លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤ រួមមាន ៖

ដោយទីតាំងប្រារព្ធពិធីទី១ ស្ថិតនៅ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការអញ្ជើញចូលរួមពី
–  កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
–  វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
–  កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
–  វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៣

ទីតាំងទី២ ស្ថិតនៅ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី
–  កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង
–  វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង
–  វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត  បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម។

ក្នុងនោះឯកឧត្តម បានបន្តទៀតណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀនយើងត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបាន ជាពិសេសនៅតាមបណ្ដោយព្រំដែននេះអាចនឹងមានការលួចលាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទតាមព្រំដែននេះតែម្ដង៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *