ភ្នំពេញ៖ ទូរថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ ហើយបានធ្វើតេស្តបើកបរសាកល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងល្បឿនចន្លោះពី៥០-៨០គីឡូម៉ែត្ក្នុង១ម៉ោង តាមបទដ្ឋានដែលបានកំណត់ប្រកបដោយជោគជ័យ។ ការធ្វើតេស្តបើកបរសាកល្បងនេះធ្វើឡើងបន្ទាប់ពីទូរថភ្លើងដូចគ្នាចំនួន៤គ្រឿងផ្សេងទៀតបានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗកន្លងទៅផងដែរ។ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់ចុះពិនិត្យ តាមដានដំណើរការធ្វើតេស្តសាកល្បងនេះ បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រ័ង និងទទឹងកង់ពី ១០.៦៧មិលី្លម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០.០០មិលី្លម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។ ជាមួយនេះផងដែរ។ ក្រុមការងារបច្ចេកទេសបានពិនិត្យនិងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រ័ង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខារ និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា ពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែងចែកជាពីរក្នុងនោះរួមមាន៖១-ផ្លូវរថភ្លើងភាគខាងត្បូង រាជធានីភ្នំពេញ-ខេត្តព្រះសីហនុអាចបើកបរបានល្បឿនអតិបរមា ៨០គីឡូម៉ែត្រ/ម៉ោង។២- ផ្លូវរថភ្លើងភាគខាងជើង រាជធានីភ្នំពេញ-ក្រុងប៉ោយប៉ែត អាចបើកបរបានល្បឿនចន្លោះពី ៣០-៥០គីឡូម៉ែត្រ/ម៉ោង៕