Uncategorized

រដ្ឋបាលខេត្តសៀមរាបនឹងដាក់ឱ្យដំណើរការស្ថាបនាផ្លូវមួយខ្សែនាពេលខាងមុខ

 

សៀមរាប​:រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​បានឱ្យដឹងថាផ្លូវ​មួយ​ខ្សែ​ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៦​ឆ្ពោះទៅ​ទិស​ខាងត្បូង​រហូតដល់​ផ្លូវ​៧​មករា​នឹង​សម្រេច​បើកដាក់​ឱ្យ​ដំណើរការ​ស្ថាបនា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​រដ្ឋបាល​ខេត្តសៀមរាប​បាន​បន្ត​ថាបើ​គិត​មកដល់​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​ជា​លទ្ធផល​ក្បាលដី​ដែល​បាន​ប៉ះពាល់​មាន​ចំនួន​៩៣​ក្បាលដី​និង​សំណង់​លើផ្លូវ​ចំនួន​១០​គ្រួសារ​ត្រូវបាន​ក្រុមការងារ​រដ្ឋបាលខេត្ត​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​បាន​មួយចំនួនធំ​ដោយ​នៅសល់តែ​សំណង់​ចំនួន​៣​គ្រួសារ​ទៀត​តែប៉ុណ្ណោះ​។​ដែល​មិនទាន់បាន​រុះរើ​ហើយ​ក្រុមការងារ​នឹង​បន្តធ្វើ​ការសម្របសម្រួល​ជាមួយ​ម្ចាស់​សំណង់​ទាំងនេះ​បន្ថែមទៀត​ដើម្បីឱ្យ​ពួកគាត់​យល់ព្រម​រុះរើ​សំណង់​របស់​ស្របតាម​សេចក្តីជូនដំណឹង និង​តាម​គម្រោង​ផែនការ​ដែល​បានកំណត់​។

​រដ្ឋបាលខេត្ត​បាន​បន្តថាៈ​ការចុះអនុវត្ត​ការសាងសង់​ផ្លូវ​នេះ​គឺ​បន្ទាប់ពី​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​រួចមក ហើយ​។​ក្រុមការងារ​ចម្រុះ​ដែល មាន​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​រដ្ឋបាល​សង្កាត់​បាន​ចុះ​ពិនិត្យ​និង​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ដែល​គម្រោង​នឹង​បើកផ្លូវ​ទំហំ​១៥​ម៉ែត្រ​ប្រវែង​១.០៣០​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៦​រហូតដល់​ផ្លូវ​៧​មករា​។​

សូមបញ្ជាក់ថាៈ​ផ្លូវ​១​ខ្សែ​នេះ​គឺមាន​តាំងពី​សម័យ​សង្គម​រាស្ត្រ និយម តែ​ក្រោយ​ថ្ងៃជ័យ​ជម្នះ​៧​មករា ១៩៧៩​នៅពេល​បងប្អូន​បាន​វិលត្រឡប់​ចូលមក​កាន់​ភូមិដ្ឋាន​វិញ​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​រស់នៅ​ធ្វើការ​សាងសង់​លំនៅស្ថាន​ពីលើ​ទ្រូងផ្លូវ​ទាំងមូល​ដែលមាន​ទទឹង​១៥​ម៉ែត្រ​បណ្តោយ​ប្រវែង​១.០៣០​ម៉ែត្រ​។​រដ្ឋបាលខេត្ត​និង​អាជ្ញា​រធរ​មូលដ្ឋាន​បាន​នឹង​កំពុង​រៀបចំ​សាងសង់​ឡើងវិញ​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ចៀស​នូវ​ភាព​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​និង​ស្របតាម​ភាព​រីកចម្រើន​របស់​ស​ង្គ​ម ជាតិ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *