ភ្នំពេញ៖សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ដ្រីម្នាក់បណ្ដែតទឹកនៅស្រុកបាភ្នំ បានហើយដោយប្រើរយៈពេល៥ថ្ងៃក្រោយកើតហេតុ ជនដៃដល់មានគ្នា៣នាក់។
លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឱ្យដឹងនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ថា៖ ករណីឃាតកម្មលើនារីម្នាក់ឈ្មោះឌឹមផង់អាយុ២៦ឆ្នាំជាមនុស្សសតិមិនគ្រប់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ។កាលពី វេលាម៉ោង១៩,៣០នាទីថ្ងៃទី ១៩ខែសីហាឆ្នាំ២០២០ នៅចំណុច ប្រឡាយទឹក ភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែងគឺជនសង្ស័យមានគ្នា៣នាក់ សមត្ថកិច្ចចាប់បានទាំងអស់។
លោកបន្តថា៖ជនសង្ស័យ១៖ឈ្មោះ ហ៊ន ឡុង ប្រុសអាយុ ១៨ឆ្នាំ នៅភូមិ ស្វាយតានី ឃុំរក្សជ័យ ស្រុកបាភ្នំ ឃាត់បាន។២៖ឈ្មោះ អ៊ឹម រ័ត្ន ហៅ(អាឆ្អឹង)ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ជនដៃដល់ ឃាត់ខ្លួន។ ៣៖ឈ្មោះ ហុង បញ្ញា ប្រុស អាយុ ១៩ឆ្នាំនៅភូមិប្រស្រែឃុំបឹងព្រះស្រុកបាភ្នំ(ឃាត់បាន)។
បើតាមការរៀបរាប់ពីឈ្មោះអ៊ឹមប៉ាងភេទស្រីអាយុ៦៥ឆ្នាំត្រូវជាម្ដាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២០វេលាម៉ោងប្រហែល១៩,៣០នាទី។ជនសង្ស័យឈ្មោះអ៊ឹមរ័ត្ន(ហៅឆ្អឹង)និងបក្ខពួកពីរនាក់ទៀតបានឌុបជនរងគ្រោះនឹងម៉ូតូមួយគ្រឿងឆ្ពោះទៅទិសខាងកើតបាត់ទៅ ។
ក្នុងនោះគាត់តាមរកជនរងគ្រោះតែរកមិនឃើញ។លុះដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ទើបប្រទះឃើញសាកសពអណ្ដែតទឹកនៅចំណុចប្រឡាយទឹកភូមិស្វាយតានីឃុំបឹងព្រះស្រុកបាភ្នំខេត្តព្រៃវែង។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានបើកការស្រាវជ្រាវនឹងកំណត់មុខសញ្ញាឈានដល់ចាប់ខ្លួន ជនដៃដល់ជាបន្តបន្ទាប់។គឺឈ្មោះ អ៊ឹម រ័ត្ន (ហៅឆ្អឹង)ឃាត់ខ្លួនបាននៅក្បែរវត្តភ្នំរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨យប់ក្នុងថ្ងៃទី២២ខែសីហាឆ្នាំ២០២០។បន្ទាប់មកទៀតសមត្ថកិច្ចបន្តឃាត់ខ្លួនឈ្មោះ ហ៊ន ឡុង នឹងឈ្មោះ ហុង បញ្ញា នៅស្រុកបាភ្នំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានវ៉ៃជ្រមុជទឹកជនរងគ្រោះស្លាប់មែន ដើម្បីបំបិទមាត់ ព្រោះលួងនាងរួមភេទមិនបាន៕