Uncategorized

ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំពង្រឹងការទប់ស្កាត់បទល្មើសលួចឆក់ប្លន់ និងក្មេងទំនើង និងហាមឃាត់មន្ត្រីនគរបាលចរាចរណ៍មិនឲ្យមានការពួនស្ទាក់ចាប់ពលរដ្ឋ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំកិច្ចប្រជុំលើកដំបូង ពង្រឹងលើការងារចំបងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់ និងក្មេងទំនើង និងការងារសណ្តាប់ធ្នាប់ចរាចរណ៍។

ក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានហាមមន្រ្តីនគរបាលចរាណ៍មិនឱ្យពួនស្ទាក់ចាប់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវនោះឡើយ ដែលជាការងារចំបងដែលលោកស្នងការត្រូវយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជុំវិញការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ដោយជំរុញឱ្យកងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌទាំង១៤ខណ្ឌ និងការិយាល័យជំនាញព្រហ្មទណ្ឌ ត្រូវពង្រឹងយកចិត្តទុកដាក់លើការបង្ការទប់ស្កាត់បទល្មើស អំពើលួច ឆក់ប្លន់ និងក្មេងទំនើង ដែលជាបទល្មើសបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

ដោយឡែក ជុំវិញកិច្ចការងារសណ្តាប់ធ្នាប់ចរាចរណ៍ឯនោះវិញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំដល់លោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោក លោកស្រីនាយការិយាល័យជំនាញសណ្តាប់ និងចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅតាមគោលដៅអនុវត្តច្បាប់ចរាចណ៍ ត្រូវលប់បំបាត់មិនឱ្យការលួចពួនស្ទាក់ចាប់ឃាត់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវនោះទេ។

លោកបានអះអាងថា ការពួនស្នាក់ចាប់ប្រជាពលរដ្ឋ ជាបាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អមកលើកងកម្លាំងនគរបាលជាតិ និងជាពិសេសណែនាំឱ្យមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ ហាមដាច់ខាតការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងឱ្យមានកាយវិកាពាក្យសំដីទន់ភ្លន់ ចំពោះប្រជាពលរដ្ឋហើយម៉ឺងម៉ាត់ចំពោះភារកិច្ចរបស់ខ្លួន។ ចំពោះប្រជាពលរដ្ឋវិញ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ប្រសើរជាងខ្លាចសមត្ថកិច្ចផាកពិន័យ។

លោកស្នងការបានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលចរាចរណ៍ ត្រូវតែកែប្រែឥរិយាបថក្នុងការបំពេញតួនាទីភារកិច្ច ដោយត្រូវប្រើប្រាស់នូវអាប្បកិរិយាទន់ភ្លន់ មានវិន័យ ម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ហើយត្រូវបញ្ឈប់នូវសកម្មភាពទាំងឡាយដែលជះឥទ្ធិពលមិនល្អដល់ស្ថាប័នអនុវត្តច្បាប់ និងលុបបំបាត់នូវភាពអវិជ្ជមានទាំងអស់ដែលធ្លាប់កើតមានឡើង នាំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំបានធ្វើឡើងរយៈពេល១ថ្ងៃដាច់ដោយឡែកពីគ្នា នៅពេលព្រឹកថ្ងៃដដែល លោកស្នងការបានដឹកនាំកិច្ច ជាមួយលោកស្នងការរងទទួលការងារជំនាញព្រហ្មទណ្ឌ លោកលោកស្រី នាយ-នាយរងការិយាល័យជំនាញព្រហ្មទណ្ឌ លោកលោកស្រីអធិការរង លោកស្រីនាយផ្នែកជំនាញព្រហ្មទណ្ឌ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

ដោយឡែកនៅពេលរសៀលថ្ងៃដដែល លោកស្នងការបានដឹកនាំកិច្ចប្រជុំ ជាមួយលោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ លោកនាយ-នាយរងការិយាល័យ សណ្តាប់ធ្នាបចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែក ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *