ភ្នំពេញ៖លោកសឿនមុនីរ័ត្នព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០នេះបានសម្រេចចោទប្រកាន់លោក ស៊ូអារ៉ាហ្វាត អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ាសង ថនដែលជាឈ្មួញដីធ្លីម្នាក់ជាផ្លូវការហើយ។នេះបើតាមលោកគុជគឹមឡុងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្តាញសង្គម Telegram ។
បើតាមអ្នកនាំពាក្យគឺលោកស៊ូអារ៉ាហ្វាត់អភិបាលរងខេត្តបាត់ដំបងត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនានិងកៃបំបាត់ដោយទុច្ចរិតនិងស៊ីសំណូក។ចំណែកឧកញ៉ាសងថនត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនានិងកៃបំបាត់ដោយទុច្ចរិតនិងបទសូកប៉ាន់។បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទទាំង២នាក់ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ធ្លាប់អះអាងថាបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខណៈដែលឧកញ៉ាសងថនមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទាំងមូល ។
សម្តេចតជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថាករណីទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តបាត់ដំបងត្រូវដកហូតត្រឡប់មកវិញនូវដី។ដែលបុគ្គលឈ្មោះសងថនបានទន្ទ្រានរំលោភយកដោយខុសច្បាប់និងត្រូវប្រគល់ឱ្យរដ្ឋបាលខេត្តបាត់ដំបង គ្រប់គ្រងនិងរក្សាទុកសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច៕