នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក ) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “អធិការកិច្ចក្នុងបរិបទកំណែទម្រង់” ដែលប្រព្រឹត្តទៅនៅនៅសាលប្រជុំសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្វ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងដោយមានការសម្របសម្រួលពី លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ វេទិកាពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា ដែលមកពីបណ្តាស្ថាប័ន អង្គភាពសារព័ត៌មាន ចំនួន ៩៤រូប និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងអធិការកិច្ច សរុបទាំងអស់ ១៣២រូប។
វេទិកាពិភាក្សាដ៏មានអត្ថប្រយោជន៍នេះ ក៏មានការធ្វើបទបង្ហាញជូនសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា ដោយឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អំពីប្រវត្ថិសាវតា រចនាសម្ព័ន្ធ បេសកកម្មការងារ និងផែនការសកម្មភាពអាទិភាពរបស់ក្រសួង ដោយផ្តោតលើទស្សនៈជាក់លាក់របស់ក្រសួងមានដូចជា ”អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម”, “អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ”, ”ការដឹកនាំ ត្រូវមានការត្រួតពិនិត្យ បើគ្មានការត្រួតពិនិត្យ គឺ គ្មានការដឹកនាំ”, ”គ្មានការជឿជាក់ណាមួយដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ”។
សូមបញ្ជាក់ថា÷ នេះជាលើកទី១ សម្រាប់ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) ដែលបានរៀបចំវេទិកាពិភាក្សាទាក់ទងនិងវិស័យអធិការកិច្ចដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការទប់ស្កាត់កែលម្អនិងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ និងបាតុភាពអសកម្មនានា។
មុននឹងបញ្ចប់ វេទិកាពិភាក្សាក៏អនុញ្ញាតឱ្យអង្គភាពសារព័ត៌មានចំនួន ៧០ស្ថាប័ន បងប្អូនអ្នកសារព័ត៌មានចំនួន ៩៤រូបដែលចូលរួម លើកជាសំណួរប្រមាណជា ២០សំណួរ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ជាអ្នកឆ្លើយបំភ្លឺ នូវរាល់ចម្ងល់ និងការចោទសួរជាសំណួរទាំងឡាយរបស់អ្នកសារព័ត៌មានអស់រយៈពេល ២ម៉ោង៣០នាទី៕