សៀមរាប ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១:១៥នាទី មានជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុន ស្រុកសូនិគម ខេត្តសៀមរាប ។
២. ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រឹត្តបទល្មេីសបានមួយចំនួន ។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១:១៥នាទី ពួកខ្លួនដែលមានបក្ខពួកសរុបចំនួន០៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត) ភ្ជង់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ពិតប្រាកដមែន ។
ចំពោះជនសង្ស័យម្នាក់ទៀតដែលបានគេចខ្លួន មានឈ្មោះ ឈិន ភាន់ ត្រូវជាប្អូនបង្កើត ឈ្មោះ ឈិន ភន សមត្ថកិច្ចយើងកំពុងស្រាវជ្រាវដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕