ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលាបានឃុំខ្លួនជនត្រូវចោទជាឪពុកពីបទសម្លាប់កូនប្រុស រួចយកលាក់លើធ្នើរបន្ទប់ទឹក រហូតមានក្លិនស្អុយទើបរកសពឃើញ។ហេតុការណ៍នេះស្ថិតនៅបន្ទប់ជួល សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីល្ងាចថ្ងៃទី២៣ ខែតុលាកន្លងទៅ។
សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា ករណីឪពុកសម្លាប់កូនប្រុសបង្កើត អាយុទើបតែ២ឆ្នាំរួចយកលាក់ទុកលើធ្នើរបន្ទប់ទឹក រយៈពេល៣ថ្ងៃទើបរកសពឃើញ។ ជនដៃដល់ឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំអ្នករើសអេតចាយ ស្នាក់នៅបន្ទប់ជួលខាងលើ។ប្រពន្ធឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំនៅកន្លែងជាមួយគ្នា។ចំណែកកូនដែលស្លាប់ឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំនៅជាមួយជីដូននឹងម្ដាយមីងក្បែរបន្ទប់កើតហេតុ។
អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ ម្តាយមីងនិងជីដូនបានដើររកដែរតែរកមិនឃើញ ។រហូតដល់រសៀលថ្ងៃទី២៣ ខែតុលាក៏មានក្លិនស្អុយចេញពីបន្ទប់ខាងលើ។ដោយមានការសង្ស័យក៏បានចូលទៅវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញសពក្មេងរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចបានចុះចាប់ជនសង្ស័យរួចបញ្ជូនទៅតុលាការ។កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន៕