បន្ទាយមានជ័យ ៖កាលពីម៉ោង១០ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីលួចម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។ ខណៈម្ចាស់ ទុកម៉ូតូនៅកន្លែងធ្វើការ កាលពីថ្ងៃខែឆ្នាំដដែល នៅមុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ បានកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១១ និង០០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឃីម កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ។នៅម្តុំភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ ព្រមទាំងវត្ថុតាងម៉ូតូមួយគ្រឿងនិងនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីរួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕