ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រកាសព័ត៌មាន ពាក់ព័ន្ធចាប់ខ្លួនជនសង្ស័យម្នាក់រឿងគ្រឿងញៀន រហូតស្លាប់

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បានគាំងបេះដូងស្លាប់ ពេលបញ្ជូនខ្លួនដល់កន្លែងឃុំឃាំងបណ្ដោះអាសន្ន នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាជ្រាបនូវករណីបង្ក្រាបគ្រឿងញៀន

 នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១០:៣០នាទីមានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុសអាយុ ៣៩ ឆ្នាំបានរាយការណ៍ថា មានឈ្មោះ លាង ឡាង អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀន ចំនួន៤០០,០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង។

កម្លាំងជំនាញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ជិះលើម៉ូតូក្នុងវត្តដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួនកម្លាំងឃើញចាប់ឃាត់ខ្លួន ហើយឆែកឆេរពុំមានថ្នាំញៀនទេ ពេលសួរជនសង្ស័យឆ្លើយថា ខ្លួនបានបោះថ្នាំញៀនចោល តែសមត្ថកិច្ចរកមិនឃើញ បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរបន្ថែមទៀត។

ពេលមកដល់អធិការដ្ឋាន ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្តាយមីង ឈ្មោះ ធា ពេលនោះសមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ តែហូបមិនទាន់រួចផង ជនសង្ស័យថា ឈឺពោះហើយសុំទឹកផឹកជាច្រើនដប ហើយសុំចូលបង្គន់ ពេលនោះឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថា ក្តៅណាស់ ហើយសមត្ថកិច្ចសង្ស័យថា ជនសង្ស័យអាចលេបថ្នាំញៀនលេបចូលក្នុងពោះ បន្ទាប់មកឃើញជនសង្ស័យមានអាការៈប្លែក បែកពពុះមាត់វាពេញក្នុងបង្គន់។

ដោយមានការសង្ស័យកម្លាំងបានរាយការណ៍ជូន ព្រះរាជអាជ្ញា ពីអាការៈជនសង្ស័យភ្លាមៗ នោះនៅម៉ោង១៣៖០០នាទី ព្រះរាជអាជ្ញាឲ្យយកទៅកាន់មន្ទីពេទ្យ បានធ្វើតេស្តទឹកនោមមានសារធាតុញៀន ហើយគ្រូពេទ្យបានជួយសង្រោះជាបន្ទាន់ រហូតដល់ម៉ោង១៧៖១៥នាទី ជនសង្ស័យបានស្លាប់ ក្រោយពីរការស្លាប់កម្លាំងបានរាយការណ៍ជូន ព្រះរាជអាជ្ញា ថាជនសង្ស័យបានស្លាប់ បន្ទាប់មកព្រះរាជអាជ្ញាបានឲ្យយោបល់ជៀសវាងការចោទប្រកាន់។

គ្រូពេទ្យ និងនគរបាលកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យលើសាកសពពិតជា មិនមានស្លាកស្នាមដោយសារការវាយដំទេ តាមការបញ្ជាក់របស់គ្រូពេទ្យជនសង្ស័យដែលស្លាប់ ពិតជាស្លាប់ដោយសារគាំងបេះដូង។ ក្រោយពីការពិនិត្យរបស់គ្រូពេទ្យ និងកម្លាំងជំនាញកោសល្យវិច្ឆ័យ ក្រុមគ្រួសារសព បានទទួលស្គាល់តាមការពិនិត្យរបស់គ្រូពេទ្យ ក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ក្រោយពីបានការឯកភាពពីព្រះរាជអាជ្ញា កម្លាំងជំនាញស្រុក បានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *