សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានចាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយប្រើកាំបិតបុ័ងតោកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅតុលាការ ។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងល្ងាចថ្ងៃទី១២ ខែកក្កដាថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ជនសង្ស័យ២នាក់ប្រើកាំបិតបុ័ងតោកាប់ទៅលើបុរសម្នាក់ឱ្យរងរបួសធ្ងន់ហើយរត់គេចខ្លួន។ហេតុការណ៍បានកើតឡើងនៅត្រង់លើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្រោយពីទទួលបណ្តឹងកម្លាំងនគរបាលខេត្ត ជាមួយនគរបាលស្រុកសូទ្រនិគមបានចុះស្រាវជ្រាវ រហូតឈានដល់ចាប់ជនសង្ស័យបាន២នាក់។ក្នុងនោះឈ្មោះ ឆេង កក្កដា អាយុ ២១ឆ្នាំនិងឈ្មោះ សុះ សំអាន អាយុ១៨ឆ្នាំ។ទាំង២នាក់នៅភូមិស្រែធ្នង់-ភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ចំណែកជនរងគ្រោះឈ្មោះ អ៊ួក ភាន់ អាយុ ១៧ឆ្នាំនៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះនឹងកាំបិតបុ័ងតោចំកញ្ចឹងកឱ្យរងរបួសពិតប្រាកដមែន ព្រោះខឹងធ្លាប់ឈ្លោះគ្នាពីមុនមក។ពេលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូត-កាំបិតបុ័ងតោ១-ម៉ូតូ១គ្រឿង។បន្ទាប់ពីសាកសួរកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមច្បាប់៕