ព័ត៌មានសន្តិសុខសង្គម

ចាញ់ល្បិចក្រុមទម្លាក់យោង នាំទៅដោះយកគ្រឿងអលង្ការអស់

 

ភ្នំពេញ៖កម្មការិនី២នាក់ចាញ់ល្បិចលួងលោមឆបោកពីក្រុមទម្លាក់យោង បាននាំទៅដោះយកគ្រឿងអលង្ការអស់ពីខ្លួន។ករណីនេះបានកើតឡើងនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះទាំង២នាក់ជាមិត្តភក្ដិស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯខេត្តកំពង់ធំ ។
មុនកើតហេតុកម្មការិនី២នាក់បានដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ។ពេលដើរតាមផ្លូវត្រូវបានស្ត្រីសង្ស័យម្នាក់មកសួររឿងគេជ្រុះកញ្ចប់មាស។កម្មការិនី២នាក់មិនទាន់ឆ្លើយផង ត្រូវបានស្ត្រីសង្ស័យម្នាក់ទៀតដើរមកប្រាប់ថា កុំមាត់រូបគេរើសបានហើយបង្ហាញឱ្យឃើញលោហៈពណ៌ក្រហមសឹងប៉ុនកូនដៃរួចប្រាប់ថា យើងយកទៅលក់បានលុយចែកគ្នា។

ជនសង្ស័យបញ្ចុះបញ្ចូល ល្បួងនាំជនរងគ្រោះទាំង២នាក់ជិះម៉ូតូ២គ្រឿង ទៅដល់ខាងលិចផ្សារព្រៃទាក៏ឈប់ហើយហុចថង់ក្រហមឱ្យស្ត្រីរងគ្រោះ រួចដោះយកគ្រឿងអលង្ការទាំង២នាក់មានខ្សែដៃ ខ្សែកនិងក្រវិលអស់ហើយ ក៏គេចខ្លួនបាត់អស់តែម្តង។

ជនរងគ្រោះទាំង២នាក់ឱ្យគេជួយពិនិត្យឃើញជាដែកជ្រលក់ ទើបដឹងខ្លួនថាចាញ់បោកជនសង្ស័យ ក៏បានឱ្យបុរសម្នាក់ជួយឌុបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីសុំសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ជនទាំងនោះយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *