តាកែវ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានានៅក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធសមិទ្ធផលវិហារម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានាដែលកើតចេញពីស្មារតីរួបរួមរបស់សាសនិកអ៊ីស្លាម ទាំងក្នុងមូលដ្ឋាន ខេត្តតាកែវ គាត់ទាំងក្នុងនិងក្រៅប្រទេសលើមូលដ្ឋាននៃការគោរពជំនឿសាសនា និងសិល្បៈនៃការចែករំលេក។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន ២ ៖ ទី១. ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ និងទី២. ការបង្ករលក្ខណៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទិ៍៖ ការបើកទូលាយឱ្យទទួលជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១.៥០០ នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឱ្យសិស្ស-និស្សិតស្ត្រីឥស្លាមអាចពាក់ Hijab នៅតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឱ្យសាសនិកឥស្លាមអាចស្លៀកសម្លៀកបំពាក់តាមប្រពៃណីរបស់ខ្លួនក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឱ្យមានការបង្កើតស្ថាប័ន Halal កម្ពុជា, ការបើកឱ្យមានកម្មវិធីបុណ្យអិចស្ទីម៉ាក ដែលជាការជួបជុំសាសនិកឥស្លាមក្នុង និងក្រៅប្រទេស ដើម្បីស្តាប់ធម៌ និងការរៀបចំសកម្មភាពគាំទ្រផ្សេងៗជាច្រើនទៀតដល់សហគមន៍ខ្មែរឥស្លាម៕