(កំពង់ស្ពឺ) សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនឈ្មោះ សៀង ហុង ប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធករណីដឹកសត្វគោមិនមានលិខិតបញ្ជាក់(បទលួច) យោងតាមបណ្ដឹងរបស់ជនរងគ្រោះម្ចាស់សត្វគោឈ្មោះ ទឹត រ៉េម ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃរំដួលត្បួង ឃុំបសេដ្ឋស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថាបានបាត់គោមួយក្បាល ញី មានភិនភាគសម្បុរសស្នែងកំផាងក្រយ៉ៅទ្រនំទន្ទេប ដោយគាត់បានចងគោអោយទឹកនៅខាងត្បូងផ្ទះ។
ដោយមានការឆោឡោពីពលរដ្ឋនិងបាននាំគ្នាដេញតាមរក លុះតាមមកដល់ផ្លូវជាតិលេខ៤១ ម្ចាស់គោ និងសមត្ថកិច្ចបានជួបនឹងរុឺម៉កដឹកគោមួយក្បាល បានឃាត់សួរនាំពិនិត្យបញ្ជាក់ថាពិតជាគោដែលបាត់ប្រាកដមែន តាមចម្លេីយជនសង្ស័យសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកសត្វគោមួយក្បាលចេញពីទីតាំងចងក្បែរផ្ទះមែន ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីបន្ដនីតិវិធី រីឯសត្វគោបានប្រគល់ជូនម្ចាស់គ្រប់គ្រងថែរក្សាវិញ៕