កំពង់ចាម៖ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីល្ងាចថ្ងៃទី ២០ខែមករាឆ្នាំ២០២២ បានអំពាវនាវចំពោះយុវជនទំពាងស្នងឬស្សី ត្រូវចៀសវាងពីគ្រឿងញៀននិងល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម។
ថ្លែងក្នុងកម្មវិធីបោះជំរំយុវជន ខេត្តកំពង់ចាម ក្រោមប្រធានបទ “ការអភិវឌ្ឍន៍សមត្ថភាពយុវជនផ្នែកបច្ចេកទេសវិទ្យា ក្រោមម្លប់សន្តិភាព” នៅវិទ្យាល័យហ៊ុន សែន ស្គន់ស្រុកជើងព្រៃ។
ជាមួយនោះត្រូវចេះជួយអប់រំមិត្តភក្តិនិងធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផង ក្រុមគ្រួសារ មិត្តភ័ក្រ និងសង្គមជាតិទាំងមូល។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាម នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកផ្លាស់ប្តូរ ចែក រំលែកគ្នា ទៅវិញទៅមក។ជាមួយនោះ រួមចំណែកអភិវឌ្ឍបំនិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន កាន់តែ រីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ព្រមទាំងខិតខំធ្វើឲ្យខ្លួនមាន សេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។
លោកជំទាវស្រូយ សុជាតិ អគ្គនាយក អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ។
ពីព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សានិងការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព។ ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជនផងដែរ៕