ភ្នំពេញ៖សមត្ថកិច្ចបានបើកការស៊ើបអង្កេត ក្រោយពលរដ្ឋច្រូតស្មៅក៏ប្រទះឃើញសពបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្អុយរលួយ មិនដឹងស្លាប់ពីពេលណាទេ។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះនៅត្រង់ដីឡូតិ៍មួយកន្លែងក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៦ ខែមីនា។តាមការបំភ្លឺពីបុរសឈ្មោះ ហ៊ុន ថាត អាយុ ៤៤ឆ្នាំ នៅភូមិ សង្កាត់ខាងលើបានឱ្យដឹងថា ខ្លួនបានច្រូតស្មៅនៅជិតភូមិព្រែកថ្មី១។ពេលកំពុងច្រូតស្មៅស្រាប់តែប្រទះឃើញសាកសពមនុស្សម្នាក់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចុះពិនិត្យ។
បន្ទាប់មកក្រុមជំនាញបានទៅដល់ពិនិត្យឃើញសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយជាមនុស្សប្រុស ស្លាប់ក្នុងប្រឡាយគ្មានទឹក ពាក់អាវដៃវែង ពណ៌ខ្មៅម៉ាកDAIDORA ខោជើងវែងពណ៌ខ្មៅយឺតឆ្នូតសសងខាងម៉ាកadidas ។សពមានសភាពហើមស្អុយរលួយកម្ពស់១ម៉ែត្រ៦៧។
តាមមន្ត្រីបច្ចេកទេសវិទ្យាសាស្ត្រនិងគ្រូពេទ្យកោសល្យវិច័យបានបញ្ជាក់ថា មិនអាចសន្និដ្ឋានពីមូលហេតុនៃការស្លាប់បាននៅឡើយទេ។ពីព្រោះសពហើមស្អុយរលួយ ស្បែកលលាដ៍ក្បាលជ្រុះខ្លះទ្រោមស្វិតទៅវិញ។ករណីនេះសមត្ថកិច្ចមូលដ្ឋានបានបើកការស៊ើបអង្កេតតាមនីតីវិធី៕