ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនម្នាក់ជាមេខ្យល់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់

 

បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកថ្មពួកបានចាប់ជនសង្ស័យម្នាក់ជាមេខ្យល់ដែលនាំពលករខ្មែរប្រុសស្រី២នាក់បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់នៅច្រកស្តុកស្តោរក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២១។

លោកឈឿនគឹមឈុនអធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖ជនសង្ស័យជាមេខ្យល់ឈ្មោះនឹម វណ្ណាភេទប្រុសអាយុ៦៨ឆ្នាំនៅភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួក។ចំណែកពលករខ្មែរប្រុស ស្រីចំនួន២នាក់ឈ្មោះតោសូរិយ៉ាភេទស្រីអាយុ៣៩ឆ្នាំនៅភូមិស្រះឈូកឃុំស្រះជីកស្រុកភ្នំស្រុកនិងឈ្មោះមាតបឹមភេទប្រុសអាយុ២០ឆ្នាំនៅភូមិជាមួយគ្នា។

លោកអធិការនគរបាលស្រុកថ្មពួកបានបន្តថា៖មេខ្យល់និងពលករខ្មែរ២នាក់នេះត្រូវកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ចាប់ខ្លួនដែលបម្រុងឆ្លងដែនទៅប្រទេសថៃហើយបានបញ្ជូនខ្លួនទាំង៣នាក់មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួកនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១។
ជនសង្ស័យឈ្មោះនឹមវណ្ណាត្រូវកម្លាំងនគរបាលស្រុកថ្មពួកបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកពលករប្រុសស្រីទាំង២នាក់នោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *