Uncategorized

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបុគ្គលិកថែសួនច្បាររបស់សាលាខេត្ត និងបុគ្គលិក កម្មករអ្នកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី និងក្រុមហ៊ុនលៀម លីម

 

(បាត់ដំបង) នៅព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់បុគ្គលិកថែសួនច្បាររបស់សាលាខេត្តបាត់ដំបង និងបុគ្គលិក កម្មករដែលជាអ្នកប្រមូលសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី និងក្រុមហ៊ុន លៀម លឹម សរុបចំនួន១៧០នាក់ នៅឯបរិវេណសាលាខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា បើសិនជាគ្មានបុគ្គលិក កម្មករប្រមូលសំរាម និងអ្នកអនាម័យទាំងអស់នោះទេ ក្រុងបាត់ដំបងនឹងមិនភាពស្អាតឡើយ ក្រុងបាត់ដំបងក៏ដូចជាតាមបណ្ដាទីប្រជុំជននានាទាំងអស់ នឹងពោរពេញទៅដោយកាកសំណល់សំរាមជាក់ជាមិនខាន ។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរដល់បុគ្គលិក និងកម្មករប្រមូលសំរាម អ្នកអនាម័យទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការសំអាត ក៏ដូចជាប្រមូលសំរាមនៅតាមគេហដ្ឋាន តាមទីសាធារណៈ ទាំងយប់ទាំងថ្ងៃផងដែរ ។

ឯកឧត្តមបានធ្វើការសំណូមពរ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សូមធ្វើការជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការបង់ប្រាក់ប្រចាំខែដល់ក្រុមហ៊ុនប្រមូលសំរាម ដើម្បីឱ្យក្រុមហ៊ុនអាចមានលទ្ធភាពក្នុងការប្រមូលសំរាម ការបន្ថែមនូវរថយន្តដឹកសំរាម និងការរើសបុគ្គលិកប្រមូលសំរាម ឬក៏អាចបន្ថែមជាឧបករណ៍សម្រាប់ក្នុងការសម្អាតបន្ថែមទៀត បើពុំមានការចូលរួមបង់ប្រាក់ប្រចាំខែពីប្រជាពលរដ្ឋទេ ក្រុមហ៊ុនប្រមូលសំរាមក៏មិនអាចមានលទ្ធភាពក្នុងការប្រមូលសំរាម គ្មានបុគ្គលិកប្រមូលសំរាម ឬក៏ការប្រមូលសំរាមកាន់តែមានភាពយឺតយ៉ាវ ដោយសារក្រុមហ៊ុនគ្មានធនធានថវិកាក្នុងការចំណាយបន្តទៀត ដូចនេះទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពនៅតាមសាធារណៈឱ្យកាន់តែស្រស់ស្អាត គ្មានសំរាមនៅតាមសាធារណៈ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *